Gareth Bale៖ ខ្ញុំត្រូវអង្គុយជជែកជាមួយភ្នាក់ងាររបស់ខ្ញុំ ដើម្បីនិយាយពីអនាគតខ្ញុំ

Gareth Bale បានស៊ុតចូល២គ្រាប់យ៉ាងអស្ចារ្យ ក្រោយប្ដូរចូលជំនួស Isco ក្នុងតង់ទី២ ជួយ Real Madrid ផ្ដួល Liverpool ៣-១ គ្រងជើងឯក Champions League យប់ថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨។

ប៉ុន្តែការប្រកួតយប់មិញអាចជាការលេងលើកចុងក្រោយរបស់ Bale សម្រាប់ Real ក៏ថាបាន បន្ទាប់ពីខ្សែប្រយុទ្ធស្លាបដ៏ឆ្នើមរបស់វេលស៍រូបនេះបង្ហើបថារូបគេនឹងនិយាយជាមួយភ្នាក់ងាររបស់គេអំពីបញ្ហាអនាគត។

កីឡាករវ័យ២៨ឆ្នាំបានបង្ហាញពីភាពមិនសប្បាយចិត្តរបស់ខ្លួនក្នុងការអង្គុយកៅអីបម្រុងដោយនិយាយថា៖ “ខ្ញុំត្រូវអង្គុយជជែកជាមួយភ្នាក់ងាររបស់ខ្ញុំដើម្បីពិភាក្សាគ្នាក្នុងរដូវក្ដៅនេះ ព្រោះខ្ញុំត្រូវការលេង(១១នាក់ដំបូង)រៀងរាល់សប្ដាហ៍ តែរឿងនេះមិនបានកើតឡើងឡើយក្នុងរដូវកាលនេះ។ ខ្ញុំត្រូវការពិចារណា។ ប្រហែលខ្ញុំនៅទីនេះទៀត ឬប្រហែលមិននៅ។ ច្បាស់ណាស់ ខ្ញុំខកចិត្តណាស់ដែលមិនបានចាប់ផ្ដើមការប្រកួត ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែជាប់ជម្រើស១១នាក់ដំបូង។ ខ្ញុំបាននិងកំពុងលេងយ៉ាងល្អ ប៉ុន្តែខ្ញុំដឹងថាអ្នកចាត់ការជាអ្នកសម្រេចចិត្តដើម្បីក្រុម”។

Bale មានកិច្ចសន្យាជាមួយ Real ដល់ឆ្នាំ២០២២ ប៉ុន្តែត្រូវបានភ្ជាប់នឹងការផ្ទេរទៅ Bayern Munich និង Manchester United។

អតីតសមាជិក Southampton និង Tottenham ខាងលើ ពេលនេះបានឈ្នះ Champions League ៤ដងហើយតាំងពីផ្លាស់មកកាន់រាជធានីនៃប្រទេសអេស្ប៉ាញក្នុងតម្លៃឯតទគ្គកម្មពិភពលោកឆ្នាំ២០១៣ គឺ៨៥.៣លានផោន៕

ប្រភព៖ marca