អធិរាជស Real Madrid បន្តកំណត់ត្រាឈ្នះពាន UCL 3ឆ្នាំជាប់ៗគ្នា ហើយក៏ជាពានលើកទី១៣របស់ពួកគេផងដែរ

ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីយប់ថ្ងៃអាទិត្យនេះ ធ្វើអោយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Zinedine Zidane ឈ្នះពានកំពូលអឺរ៉ុបមួយនេះ ៣រដូវកាលជាប់គ្នា។

នៅក្នុងការប្រកួតតង់ទី១ ក្រុមអង់គ្លេស Liverpool បានដាក់សំពាធទៅលើក្រុមការពារជើងឯក Real Madrid ខ្លាំងប៉ុន្ដែមិនអាចរកគ្រាប់បាល់បាននោះទេ ហើយអ្វីដែលជាបញ្ហាសំរាប់ក្រុមរបស់លោក Jurgen Klopp នោះគឺខ្សែប្រយុទ្ធឆ្នើម Mohamed Salah មិនអាចបន្ដការប្រកួតបានដោយសារបញ្ហារបួស ក្រោយប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos។

ដោយសារបញ្ហារបួសស្មារ Salah ត្រូវបានប្ដូចេញហើយជំនួសមកវិញ ដោយខ្សែបម្រើ Adam Lallana មុនពេលខ្សែការពារស្លាបស្ដាំ Dani Carvajal ត្រូវបានប្ដូរចេញផងដែរដោយសារបញ្ហារបួសសារជាថ្មី ក្រោយអវត្តមានជាច្រើនប្រកួត។

ចូលដល់តង់ទីពីរ ការប្រកួតទើបតែចាប់ផ្ដើមបាន៦នាទី អ្នកចាំទី

Loris

 Karius បានបោះបាល់ទៅបុកនឹងជើងខ្សែប្រយុទ្ធ Karim Benzema ធ្វើអោយកីឡាករបារាំងមានឱកាសរកគ្រាប់បាល់នាំមុខ អោយក្រុម Real Madrid ប៉ុន្ដែត្រូវបានខ្សែប្រយុទ្ធ Sadio Mane រកបាន១គ្រាប់តាមស្មើនៅ ៤នាទីបន្ទាប់។

ប៉ុន្ដែ ក្រុមរបស់លោក Zidane បានបញ្ចប់ក្ដីសង្ឃឹមរបស់ ហង្សក្រហមដែលខកខានការប្រកួតផ្ដាច់ព្រ័ត្រ Champions League មួយទសវត្ស ក្រោយដូរចូលខ្សែប្រយុទ្ធ Gareth Bale ដែលរកគ្រាប់បាល់ពីរគ្រាប់យ៉ាងល្អឥតខ្ចោះ ដែលនាំជ័យជំនះអោយ Real Madrid លើកពានកំពូលអឺរ៉ុបទី១៣របស់ខ្លួននៅទីក្រុងកៀវតម្ដង។

គួររំលឹកថា មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ Real Madrid បានទំលាក់ក្រុមជើងខ្លាំងប្រចាំលីគដូចជា Paris Saint-Germain, Juventus និង Bayern Munich ខណៈ Liverpool បានយកឈ្នះ Porto, Manchester City និង AS Roma។

បន្ទាប់ពីឈ្នះពាន Champions League ប្រចាំរដូវកាល ២០១៧/១៨ ក្រុម Real Madrid នឹងត្រូវចូលរួមប្រកួត UEFA Super Cup ទល់នឹងក្រុមរួមទីក្រុង Atletico Madrid ដែលទើបនឹងឈ្នះពាន Europa League កាលពីសប្ដាហ៍មុន ក្រោយយកឈ្នះ Marseille ក្នុងលទ្ធផល ៣-០៕

សូមទស្សនានូវវីដេអូខាងក្រោម៖