ជិះម៉ូតូល្បឿនលឿនខ្លាំងចាប់ហ្វ្រាំងទាំងបង្ខំ ភ្លាត់ស្នៀតដួលខ្លួនឯងរបួសធ្ងន់
ព័ត៌មាន
2.63K

កែប ៖ បុរសម្នាក់ បានរងរបួសយ៉ាងដំណំ ដោយសារជិះម៉ូតូទាំងស្រវឹងដាប ហើយភ្លាត់ស្នៀត ខណៈចាប់ហ្វ្រាំងទាំងបង្ខំ ក៏ដួលខ្លួនឯងជាច្រើនត្រឡប់បណ្តាលឱ្យសន្លប់ឈឹងនៅលើទ្រូងផ្លូវ រីឯយានយន្តក៏រងការខូចខាតផងដែរ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈSL ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៣៣។
តាមសំដីសមត្ថកិច្ចក្រុងកែបបាននិយាយថា គ្រោះថ្នាក់ខាងលើនេះ គឺបង្កដោយខ្លួនឯង ដោយសារបុរសរងគ្រោះស្រវឹងស្រាជិះម៉ូតូលឿនពេក លុះពេលវាក់អើជាមួយរថយន្ត ក៏ចាប់ហ្វ្រាំងបង្ខំ ទើបដួលបោកផ្ទប់នឹងថ្នល់បណ្តាលឱ្យរបស់ធ្ងន់ធ្ងរសន្លប់ស្អាតតែម្តង។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ សុន សុធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បុរសរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកស្កូពី ពាក់ស្លាកលេខ កណ្តាល 1Q-7830។

ក្រោយពីមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច ក៏បានមកដល់កន្លែងកើតហេតុដោយអន្តរាគមន៍ យករថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្តកែប ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ៕