ពលរដ្ឋខេត្តក្រចេះពុលទៀតហើយ ! ម្ដងនេះពុលនំបុ័ងដាក់សាច់ជិត ១០០នាក់
ព័ត៌មាន
41979

ក្រចេះ៖ យ៉ាងហោចណាស់ មនុស្សក្មេងចាស់ប្រុសស្រីប្រមាណជិត១០០នាក់ បានរងការពុលចំណីអាហារ ដែលពួកគេបានបរិភោគពីក្នុងពិធីជួបជុំមួយ។
ហេតុការណ៍ពុលអាហារនេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅ ភូមិកសាង ឃុំចង្គ្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានប្រជាពលរដ្ឋចំនួន៧៥នាក់ មានអាការៈក្អួតចង្អោ ដោយសារហូបនំបុ័ងដាក់សាច់ ដែលភាគច្រើនជាកុមារ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ទាន់ពេលវេលា និងបានធូរស្រាល ដោយមួយចំនួនបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យពុលនោះ គឺនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ខាងមន្ទីរកសិកម្មបានចុះ ទៅណែនាំឲ្យពលរដ្ឋពីការដាំឡូងមី ហើយបានចែកនំបុ័ងដាក់សាច់ ឲ្យដល់ប្រជាពលរដ្ឋហូប ជាអាហារសម្រន់ ស្រាប់តែភ្លាមៗនោះ អ្នកដែលបានទទួលទាននំបុ័ងដាក់សាច់នោះ ដែលភាគច្រើនជាកុមារ ក៏មានអាការៈពុលក្អួតចង្អោរតែម្ដងទៅ ប៉ុន្តែអ្នកដែលបានទទួលទាននំបុ័ងដាក់សាច់នោះ មួយចំនួនទៀត ក៏មិនបានពុលដែរ។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បញ្ជាក់ថា ប្រជាពលរដ្ឋដែលពុលនំបុ័ងដាក់សាច់ មានអាការៈដូចៗគ្នា គឺឈឺពោះ ក្អួតចង្អោ អស់កម្លាំង និងរាក៕