ពាណិជ្ជកម្ម

ឃើញម៉ូតូគេចតទុក លួចកាច់យក ទីបំផុតជាប់ខ្នោះ

ភ្នំពេញ ៖ នៅថ្ងៃ សុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៩:១០នាទី កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច (លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចចំហៀងខាងជើងផ្ទះលេខ៣០ ផ្លូវលេខ១៤៦ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ឆេន សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ១៤៦ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ម៉ូតូមួយគ្រឿងម៉ាក Honda Wave X ស៊េរី 2006 ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 1N-7266 ដែល មានលេខតួ និងលេខម៉ាស៊ីន: 0506159 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួច) បានធ្វើការ ប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកTElEGO ពណ៌ខ្មៅមួយគ្រឿង និងម៉ាក G260 ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ ) ។

ដំណើររឿងហេតុនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩:០០នាទី ជនរងគ្រោះឈ្មោះ ឆេន សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បាន ជិះម៉ូតូមួយគ្រឿងម៉ាក Honda Wave X ស៊េរី 2006 ពណ៌ស្លែរ ពាក់ស្លាក លេខ ភ្នំពេញ 1N-7266 មកចតទុក នៅចំហៀងខាងជើងផ្ទះ លើផ្លូវ លេខ១៤៦ ក្រុមទី៣២ ភូមិ១១ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ រួចហើយជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹកមួយភ្លែត ប្រហែល ១០នាទីក្រោយមក ស្រាប់តែមានជនសង្ស័យឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ និងបក្សពួក០២នាក់ទៀត ១-ឈ្មោះ ប៊ុន ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ វី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Revo ពណ៌ខ្មៅ មិនច្បាស់ស្លាកលេខ មកធ្វើ សកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះដោយឈ្មោះ ប៊ុន និងឈ្មោះ វី ជាអ្នកចូលកាច់កម៉ូតូរួចហើយឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ ជាអ្នកអូសបណ្ដើរម៉ូតូចេញ បាន ប្រហែល១០០ម៉ត្រ ភ្លាមនោះប្រពន្ធរបស់ជនរងគ្រោះបានឃើញទាន់ក៏ស្រែកថាចោរៗ ភ្លាមនោះជនសង្ស័យឈ្មោះ មាន សម្បត្តិ បានប្តួលម៉ូតូចោល បំរុងរត់គេចខ្លួន ត្រូវបានកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ធ្វើការល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋាននៅក្បែរនោះ ក៏ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ និងចាប់យកវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះមកវិញ រួចបញ្ជូនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។ចំណែកបក្សពួក០២នាក់ ឈ្មោះ ប៊ុន និងឈ្មោះ វី បានជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ យើងបាន យកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹក នោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន ) ។
បច្ចុប្បន្ន: ជនសង្ស័យឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

 




អត្ថបទទាក់ទង៖