ព័ត៌មានបន្ថែម៖ ពេលនេះសមត្ថកិច្ចបាន ឃាត់ខ្លួនមន្រ្តីប៉លិសដែលវាយយុវជនម្នាក់ រួចវាយខ្នោះដាក់លើម៉ូតូកង់បីយកទៅទម្លាក់ចោលក្នុងក្រសួងមហាផ្ទៃ !
ព័ត៌មាន
74.7K

ភ្នំពេញ៖សេចក្តីរាយការណ៍បានអោយដឹងថាមន្ត្រីប៉ូលិសម្នាក់ដែលប្រើអំពើហឹង្សាទៅលើជនរងគ្រោះកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កើតហេតុនៅចំណុចផ្លូវលេខ ៣៦០ កែង ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកមន្ត្រីប៉ូលិសដែលប្រើហឹង្សាទៅលើជនរងគ្រោះឈ្មោះ សុន ពិសាល ភេទប្រុស អាយុ ២៥ឆ្នាំ ជាមន្រ្តីនគរបាលនៅនាយកដ្ឋាននគរបាលបច្ចេសទេសនិងវិទ្យាសាស្រ្ត អត្តលេខ ៧៤៨៤០ មានឋានន្តរស័ក ព្រិន្ទបាលឯក ឋានៈ នាយរងផ្នែកបន្ទប់ពិសោធន៏ ។

បច្ចុប្បន្នការិយាល័យកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។គួរំលឹកថា៖ មានហេតុការណ៍សមត្ថកិច្ចវាយយុវជនម្នាក់ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក ត្រូវបានសមត្ថកិច្ចមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ។ សាក្សីបន្តថា ពេលនោះសមត្ថកិច្ចទាំងនោះបានធ្វើសកម្មភាព ចាប់ និងវាយយុវជនរូបនោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។

ស្ត្រីឈ្មោះ វត្តី អាយុ២៨ឆ្នាំ ជាបងស្រីបង្កើតរបស់យុវជនរងគ្រោះបញ្ជាក់ថា រូបនាង និងស្វាមីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា ប្អូនប្រុសរបស់នាងត្រូវ បានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូលិសមានគ្នាប្រមាណ៤ទៅ៥នាក់ វាយ រួចហើយប្អូនប្រុសរបស់នាងបានរត់ចូលទៅក្នុងហាងមួយដែលនៅក្បែរកន្លែងកើតហេតុ ក៍ត្រូវសមត្ថកិច្ចទាំងនោះ ចូលទៅចាប់ដល់ក្នុងហាងនោះទៀត។

ស្ត្រីឈ្មោះ វត្តី ជាបងស្រីជនរងគ្រោះបន្តថា គ្រាន់តែឮដំណឹងនេះភ្លាម នាង និងស្វាមីបានជិះម៉ូតូមកដល់ កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ ដោយគេប្រាប់ថា សមត្ថកិច្ចទាំងនោះយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាង និងស្វាមីក៏បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ។

ស្ត្រីឈ្មោះ វត្តី បានបញ្ជាក់ទៀតថា ពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣និយាយដូច្នេះ រូបនាង និងស្វាមី ក៍បានទៅដល់ក្រសួងមហាផ្ទៃ ប៉ុន្តែពេលទៅដល់ ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ កំពុងដេកហូរឈាមនៅលើម៉ូតូកង់បីឥណ្ឌាម្នាក់ឯង តែមិនឃើញសមត្ថកិច្ចដែលចាប់ខ្លួនប្អូនប្រុស របស់នោះទេ។ខណៈនោះរូបនាង និងស្វាមីបាននាំប្អូនប្រុសមកសង្គ្រោះបន្ទាន់នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលកើតហេតុនោះ បើកុំតែបានប្រជាពលរដ្ឋនៅទីនោះជួយឃាត់ កុំអីប្រហែលជាសមត្ថកិច្ចទាំងនោះវាយយុវជនរូបនោះស្លាប់បាត់ទៅហើយ។
សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំ មកដល់មន្ទីរពេទ្យ។ បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យផ្សេងដែលនៅក្បែរផ្ទះនៅឯចោមចៅ។ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេច ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួច យកទៅដាក់ក្នុងក្រសួងមហាផ្ទៃ តែម្ដង ។