នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់គោ​យក​ទៅ​រក្សា​ទុក​ដើម្បី​ឲ្យ​ម្ចាស់​ចេញ​មុខ
ព័ត៌មាន
4.28K

ខេត្តបន្ទាយមានជ័យ ៖ ​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​គោមួយក្បាល យក​ទៅ​រក្សា​ទុក​ដើម្បី​ឲ្យ​ម្ចាស់​ចេញ​មុខ និង​ទទួល​ការ​អប់រំ​មិន​ត្រូវ​លែង​សត្វ​ឲ្យ​ដើរ​ពាស​វាល​ពាស​កាល​តទៅ​ទៀត ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នកដំណើរ​តាម​ផ្លូវ កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ម្តុំ​អតីត​ស្រះ​សួគ៌ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា មេគោ​មួយ​ក្បាល​ខាងលើ​ត្រូវ​បាន​នគរបាល​ចរាចរ​ចងខ្សែ​ដឹក​ពី​ខាង​មុខ ហើយ​មាន​សមត្ថកិច្ច​ជិះ​ម៉ូតូ និង​រថយន្ត​សា​រ៉ែ​ន​អម​ពីក្រោយ​ជួយ​ដេញ​បន្ថែម​ដើម្បី​ឲ្យ​មេគោ​នោះ​ដើរ​លឿន ។

នគរបាល​ចរាចរ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយសារ​មេគោ​មួយ​ក្បាល​ខាងលើ​ដើរ​ឆ្លង​ទៅ​ឆ្លង​មក​ហើយ​បង្ក​ជា​ក្តី​បារម្ភ​ដល់​អ្នកដំណើរ ម្យ៉ាងទៀត​ធ្វើ​ឲ្យ​កក​ស្ទះចរាចរណ៍​ផង​នោះ ទើប​សមត្ថកិច្ច​ដេញចាប់​យក​ទៅ​រក្សា​ទុក ដើម្បី​ទប់ស្កាត់​ជា​មុន​កុំឱ្យ​មាន​បញ្ហា​កើតឡើង ។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កម្លាំង​ក្រោម​ឱវាទ​របស់​លោក​បាន​ចាប់​ហ្វូងគោ​ដើរ​ និង​ដេក​តាម​ដងផ្លូវយ៉ាង​​អាណា​ធិ​ប​តេ​យ្យ​ដែល​ម្ចាស់​តែងតែ​លែង​ចោល ។ ទោះ​ជា​បែបណា​ ​លោក​អធិការ​បាន​ប្រាប់​ថា​ ការ​ចាប់​គោ​រក្សា​ទុក​នេះ​គឺ​គ្រាន់តែ​ចង់​ឲ្យ​ម្ចាស់​ចេញ​មុខ​មក​ទទួល​ការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លែងគោ​ឲ្យ​ដើរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​តទៅ​ទៀត​ ពោល​រាល់​ការ​លែង​សត្វពាហនៈ​ត្រូវ​មាន​អ្នក​គង្វាល​ឲ្យ​បាន​ត្រឹមត្រូវ​៕