ពាណិជ្ជកម្ម

អុញនោះ!ធ្ងន់កហើយបងប្អូនណាខ្លះ?ជក់បារីត្រៀមលុយ បង់ពិន័យទៅ

លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានថ្លែងថា ក្នុងពេលឆាប់ខាងមុខនេះ ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ ។នេះបើយោងតាមការបញ្ជាក់របស់លោកនៅក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ «ថ្នាំជក់ និងជំងឺបេះដូង» ដែលប្រព្រឹត្តទៅនាថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ។

លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ត ក្រសួងសុខាភិបាល និងសហការជាមួយក្រសួងយុត្ដិធម៌ យើងមានក្រុមធិការកិច្ចជាង៥០០នាក់ សម្រាប់ធ្វើការទៅលើច្បាប់អនុក្រឹត្យ ហើយបើកសិនជាជនណាល្មើសជក់បារី ក្នុងតំបន់ហាមឃាត់ នឹងធ្វើការផាកពិន័យ ម្នាក់២ម៉ឺនរៀល ។ លើសពីនោះ បើចាប់បានអ្នកជក់ក្នុងភោជនីយដ្ឋាន ឬសណ្ឋាគារ នឹងផាកពិន័យគុណនឹង២ ទៅលើម្ចាស់ហាងតែម្ដង ដែលស្មើ៤ម៉ឺនរៀលក្នុងមួយដង»។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ប្រជាជនកម្ពុជា ប្រមាណ២លាននាក់ កំពុងប្រើបា្រស់ផលិតផលថ្នាំជក់ និងចំណាយថវិកាសម្រាប់ទិញបារី ប្រមាណ២០១.៥លានដុល្លារ និងលើការព្យាបាលជំងឺ និងការបាត់បង់កម្លាំងពលកម្មបណ្តាលពីជំងឺ ដែលបង្កដោយថ្នាំជក់ប្រមាណ១៦២.៧លានដុល្លារជារៀងរាល់ឆ្នាំ ដូច្នេះ«ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារជក់ និងស្របផ្សែងបារី ក្រសួងសុខាភិបាល បានសហការជាមួយដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល បានបង្កើតអនុក្រឹត្យស្ដីពី ការរៀបចំ និងប្រព្រឹត្ដិទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានតំណាងពាក់ព័ន្ធចំនួន២០ក្រសួង ភាគីពាក់ព័ន្ធទូទាំង ក្នុងការពង្រឹង និងអនុវត្ដន៍ឲ្យមានតម្លាភាព»។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងផងដែរថា «ថ្នាំជក់ ជាមូលហេតុចម្បង នៃការបង្កឲ្យកើតជំងឺសរសៃឈាមបេះដូង ហើយយើងឃើញអត្រាស្លាប់ដោយជំងឺបេះដូងមានការកើតច្រើន ដោយទូទាំងពិភពលោក ការស្លាប់ដោយសារថ្នាំជក់នេះ មានរហូតដល់ទៅជាង៧លាននាក់ក្នុងមួយឆ្នាំ ក្នុងនោះ ជាង៦លាននាក់អ្នកដែលជក់បារី និងជិត១លាននាក់ ដែលស្រូបផ្សែងបារីពីគេ។ ដោយឡែកកម្ពុជា អត្រាអ្នកស្លាប់បណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់នេះ មានប្រមាណជិត១ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹង២៨នាក់ក្នុងមួយថ្ងៃ»៕

 




អត្ថបទទាក់ទង៖