ស្ពានអាកាសកំពុងសាងសង់ ស្រុតធ្លាក់សង្កត់មនុស្សស្លាប់១៩នាក់
ព័ត៌មាន
99.6K

ក្រុងញូដេលី៖ បើតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ហោចណាស់ ក៍មនុស្សយ៉ាងតិច ១៩នាក់ បានបាត់បង់ជីវិត និងច្រើននាក់ទៀត បានជាប់កប់នៅក្រោមគំនរបាក់ស្ពានអាកាសមួយខ្សែ ដែលកំពុងសាងសង់ បានបាក់ស្រុតធ្លាក់មកសង្កត់រថយន្តនិងអ្នកដំណើរនៅខាងក្រោម ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានបញ្ជាក់ថា មកទល់ពេលនេះសាកសព ១៩នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែក ខណៈមនុស្សយ៉ាងតិចចំនួន ៣០នាក់ បានរងរបួសធ្ងន់និងស្រាល ប៉ុន្តែ អាចនៅមានអ្នកស្លាប់ដែលនៅកប់នៅក្រោមគំនរបាក់ស្ពានអាកាសនោះជាច្រើននាក់ទៀត។

ស្ពានអាកាសដែលបាក់ស្រុតនោះ ស្ថិតនៅក្នុងសង្កាត់ វ៉ារ៉ាណាស៊ី (Varanasi) ចម្ងាយប្រហែល ៣០៦គីឡូម៉ែត្រ ភាគខាងអាគ្នេយ៍ទីក្រុងឡាក់ណាវ (Lucknow) នៃរដ្ឋ យូតតាប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា ៕