ពាណិជ្ជកម្ម

យឹម តាស្រង់ អ្នកនិពន្ឋនិងដឹកនាំសម្តែងវ័យក្មេង រិះគន់អាជ្ញាធរអប្សារា ពីរឿងសុំថតនៅតំបន់ប្រាសាទអង្គរ

ភ្នំពេញ៖ លោកយឹម តាស្រង់ អ្នកនិពន្ឋនឹងដឹកនាំសម្តែងវ័យក្មេង នៅតែចងចាំថា កាលពីឆ្នាំ២០១២ លោកបានដាក់ពាក្យសុំថតនៅប្រាសាទនាខេត្ត
សៀបរាប ។ចម្លើយបានមកវិញគេសួរលោកថាអោយលុយប៉ុន្មាន? គេបន្ថែមថាកាលមុន ពួកបរទេសមកសុំថត គេអោយរាប់ម៉ឺនដុល្លារ។ លោកក៏ជេរនៅក្នុងចិត្តថា រាប់ម៉ឺនយកពីម៉ែហ្អែងទៅ! ថតខារ៉ាអូខេសោះហ្នឹង ។
ដោយគេទារថ្លៃពេក ប៉ុន្មានថ្ងៃក្រោយមក លោកក៏សម្រេចចិត្តនាំក្រុមការងារទៅលួចថតនៅប្រាសាទមួយ ដែលនៅឆ្ងាយបន្តិចពីប្រាសាទអង្គរធំ ដោយ គ្រាន់តែសាច់រឿងដើរលេងធម្មតាតែប៉ុណ្ណោះ ។

លោកយឹម តាស្រង់ បន្តថា ពេលពួកលោកគ្រាន់តែទាញកាមេរ៉ាដាក់ Lock លើជើងមិនទាន់បានថតផងស្រាប់តែក្រុមមន្ត្រីដែលនៅយាមប្រាសាទនោះនាំគ្នាមកឃាត់ ហើយប្រាប់ថាអត់អោយថតដាច់ខាត ។លោកសួរហេតុអីអត់អោយថត? គេឆ្លើយថាកាលណាថតបែបនេះ រូបភាពប្រាសាទនឹងបែកឃើញតាមអ៊ីនធឺណេតច្រើនដូច្នេះធ្វើអោយបាត់ភ្ញៀវទេសចរលែងចង់មកមើលផ្ទាល់គឺមើលតែតាមអ៊ីនធឺណេត។ ឮបែបនេះ លោកក៏សួរទៀតថា ចុះភ្ញៀវបរទេសដែលកំពុងដើរនោះកាន់កាមេរ៉ា និងឡេនកាម៉េរ៉ាទំនើបៗជាងពួកលោកទៀតនោះ កំពុងឈរថត ហេតុអីមិនឃាត់ផង? គេក៏ឆ្លើយថាគេអត់ដឹងដែរ។ បន្តិចក្រោយមក មេគេ ជិះម៉ាកកូរ៉ូឡាអាតទីស មកដល់ ។

លោកក៍ដើរទៅជំរាបសួរនិងសុំថត មេគេឆ្លើយថាថ្នាក់លើហាមដាច់ខាតមិនអោយថតទេព្រោះខ្លាចប៉ះពាល់ដល់ភ្ញៀវទេសចរ តែបងអាចសម្រួលអោយថតបាន២០នាទីទេ។ លោកក៏ថា៖ អរគុណពូ។ តែមេគេថាក្នុងការជួយសម្រួលនេះត្រូវអោយលុយពួកគេ១២០ដុល្លារ។លោកអង្វរថា មានតែ៥០ដុល្លារទេ គេ ក្រវីក្បាលថាអត់ទេដាច់ប៉ុណ្ណឹងហើយ។ លោកក៍ប្រាប់វិញថា ចឹង លោកអត់ថតទេ ។ លោកដើរចេញបានបន្តិច គេថាគេចុះត្រឹម ១០០ដុល្លារ។លោកអង្វរម្ដងទៀតថាពូអើយមានតែ៥០ដុល្លារទេ គេថាអត់បានទេ លោកក៍សួរមេគេនោះថា ពូ!ខ្ញុំលឺអាអូននោះថាការហាមថតហ្នឹងព្រោះខ្លាចបែករូបប្រាសាទក្នុងInternet ធ្វើអោយបាត់ភ្ញៀវទេសចរព្រោះគេមើលតាមInternetហើយគេនឹងលែងចង់មកមើលផ្ទាល់ មេគេក៏ថាមែនហើយ ។ លោកក៏សួរទៀត៖ តែខ្ញុំឃើញរូបភាពមានពេញInternetហើយហ្នឹង?

មេគេក៏ថាបន្តិចទៀតក្រសួងនឹងមានវិធានការទប់ស្កាត់ហើយ ។លោក សួរបន្ថែមទៀត៖ ទប់ស្កាត់យ៉ាងម៉េច បើលោកឃើញភ្ញៀវបរទេសកាន់កាមេរ៉ា ទំនើបៗជាងពួកលោកថតចម្រៀងទៀត មេគេក៏ឆ្លើយថាចំពោះបញ្ហារឿងភ្ញៀវទេសចរយកកាំមេរ៉ាចូលថត ខាងពួកគាត់កំពុងប្រជុំនិងមានវិធានការលុបបំបាត់មិនអោយមានម៉ាស៊ីនថតក្នុងប្រាសាទនៅពេលខាងមុខ លោកថា សង្ឃឹមអ៊ីចឹងចុះពូ។

អ្វីដែល យឹម តាស្រង់ អ្នកនិពន្ឋនឹងដឹកនាំសម្តែងដ៏ល្បីក្នុងផលិតកម្មថោន បានរៀបរាប់ខាងលើនេះ គឺលោកចង់សំណូមពរអាជ្ញាធរអប្សារា មេត្តាយោគយល់ដល់ផលិតកម្មខ្មែរ ឲ្យបានថតនៅតំបន់ប្រាសាទអង្គរវត្តផង កុំហារឡើងទាររាប់ម៉ឺនដុល្លារនោះ ។
យឹម តាស្រង់ ត្អូញត្អែរថា ថៃនៅតែឆ្លាតជាងខ្មែរក្នុងរឿងដែលចំណេញដល់ជាតិដល់ខ្មែរអន់ជាងថៃត្រង់ស្រឡាញ់ជាតិមានតែមាត់ ថតនៅអង្គរវត្ត និងតាមប្រាសាទនានាម្តងៗវេទនាណាស់វាទុកអង្គរវត្ត នឹងប្រាសាទនានាដូចរបស់ម៉ែវាចែកអោយអីចឹង៕

 




អត្ថបទទាក់ទង៖