ពាណិជ្ជកម្ម

ទម្រង់លេងរបស់ Bale និង Isco ធ្វើឲ្យលោក Zidane ពិបាកក្នុងការសម្រេចចិត្តរើសជម្រើសដំបូង១១នាក់ ក្នុងជំនួប Liverpool

លោក Zinedine Zidane បានសារភាពថាវាពិបាកក្នុងការដាក់កីឡាករណាម្នាក់នៅកៅអីបម្រុងសម្រាប់វគ្គផ្ដាច់ព្រ័ត្រ Champions League របស់ Real Madrid ទល់នឹង Liverpool នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨ ដោយសារពេលនេះលោកមានជម្រើសយ៉ាងច្រើនក្នុងដៃ។

ក្នុងជ័យជម្នះ៦-០របស់ Real លើ Celta Vigo យប់ថ្ងៃសៅរ៍ទី១២ខែឧសភា Isco និង Gareth Bale បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ហើយរកបាន១គ្រាប់និង២គ្រាប់រៀងៗខ្លួន បណ្ដាលឱ្យលោក Zidane ឈឺក្បាលក្នុងការជ្រើសរើស១១នាក់សម្រាប់ប៉ះ Liverpool។

គ្រូជនជាតិបារាំងបាននិយាយថា៖ “វាប្រសើរដែលមានគ្រប់គ្នាអាចលេងបាន។ ប៉ុន្តែពិតណាស់ វានឹងក្លាយជាភាពឈឺក្បាលមួយក្នុងការជ្រើសរើសក្រុមសម្រាប់វគ្គផ្ដាច់ព្រ័ត្រ។ យើងលេងបានយ៉ាងអស្ចារ្យ ហើយវាជារឿងសំខាន់។ យើងមានវិជ្ជាជីវៈណាស់ រកបានដល់ទៅ៦គ្រាប់ និងលេងបាល់បានច្រើន។ យើងធ្វើបានល្អណាស់”។

ពាក់ព័ន្ធនឹង Bale ដែលបានបង្ហាញសមត្ថភាពលេចធ្លោនៅ Bernabeu យប់មិញ លោក Zidane ថា៖ “គាត់ល្អណាស់ គាត់បានបង្ហាញបែបនេះ។ គាត់ល្អគ្រប់ចំណុច។ ខ្ញុំសប្បាយចិត្តជំនួសគាត់។ ប៉ុន្តែរឿងសំខាន់គឺថាយើងទាំងអស់ឈានដល់ទម្រង់កម្រិតកំពូល”៕

ប្រភព៖ marca




អត្ថបទទាក់ទង៖