តុលាការកំពូល សម្រេចឃុំខ្លួនជនត្រូវចោទកឹម សុខា រយៈពេល៦ខែបន្តទៀតដដែល
ព័ត៌មាន
3612

ភ្នំពេញ ៖ ក្រោយបញ្ចប់សវនាការជំនុំជម្រះ លើបណ្ដឹងសាទុក្ខសុំនៅក្រៅឃុំ របស់ក្រុមមេធាវីការពារក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នេះ លោកឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល សម្រេចតម្កល់សាលដីកា សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺ បន្តឃុំខ្លួនជនត្រូវចោទកឹម សុខា រយៈពេល៦ខែបន្តទៀតដដែល ។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីតុលាការកំពូល ។

នៅព្រឹកមិញនេះ តុលាការពុំបានចេញដីកាបង្គាប់ ឱ្យនាំខ្លួនជនត្រូវចោទកឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ចូលរួមសវនាការទេ ដោយមន្រ្តីតុលាការអះអាងថា នេះជារឿងមុនអង្គសេចក្តី ពុំមានវត្តមានជនត្រូវចោទ ក៏ដំណើរការបានដែរ គ្មានខុសនីតិវិធីឡើយ ។សវនាការនេះបានធ្វើឡើង ក្រោយពេលក្រុមមេធាវី៤រូប រួមមាន លោក មេធាវី ហែម សុជាតិ លោក មេធាវី សំ សុគង់ លោក មេធាវី ជូង ជូងី និង លោក មេធាវី កែត ឃី បានដាក់លិខិតលាឈប់ការពារក្ដីលោក កឹម សុខា និង ជូនដំណឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ មេសា អំពីការលាលែងនេះ ហើយអយ្យការអមតុលាការកំពូល បានចេញដីកាកោះអញ្ជើញលោកមេធាវី ផែង ហែង ឲ្យចូលខ្លួនទៅការពារក្ដីលោក កឹម សុខា នៅម៉ោង៩ព្រឹក ថ្ងៃទី៧ ឧសភានេះផងដែរ។

លោកកឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ៕