របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤១
ប្រវត្តិសាស្ត្រ
2.25K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖នៅក្នុងខែកក្កដា ឆ្នាំ១៩៩៥ ដោយសារទ្រង់ជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច ហើយត្រូវបាននិរទេសខ្លួនទៅរស់នៅប្រទេសម៉ាឡេស៊ី និងប្រទេសបារាំងជាថ្មីម្តងទៀត។ឆ្នាំ១៩៩៩ ទ្រង់ចក្រព័ង្ស់ ត្រូវបានទទួលការលើកលែងទោសពីសម្តេចនរោត្តម សីហនុ ជាព្រះមហាក្សត្រ ទ្រង់បានយាងមកមាតុប្រទេសវិញ បង្កើតក្រុមហ៊ុនដឹកជញ្ជូនតាមយន្តហោះមួយឈ្មោះរ៉ូយ៉ាល់ អ៊ែវ៉េ (Royal Airway) ។

ឆ្នាំ២០០៣ ទ្រង់បានបង្កើតគណបក្សនរោត្តម ចក្រព័ង្ស់ ព្រលឹងខ្មែរ ដើម្បីចូលរួមការបោះឆ្នោតសភាអាណត្តិទី៣ ប៉ុន្តែ មិនបានអាសនៈមួយទេ។
ទ្រង់ចក្រព័ង្ស់ មានមហេសី ទី១ អ្នកម្នាង ហ៊ុន សឿន (កើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៤៣) ជាអ្នករាំរបាំព្រះរាជទ្រព្យ។ មានបុត្រ៥អង្គ គឺទី១-ព្រះអង្គម្ចាស់នរោត្តម ពុទ្ធពង្ស កើតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៦៦, ទី២-ព្រះអង្គម្ចាស់នរោត្តម អម៉ារីធីវង្ស កើតថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៦៧, ទី៣-ព្រះអង្គម្ចាស់ នរោត្តម ណារ៉ាវង្ស កើតថ្ងៃទី១ ខែសីហា ឆ្នាំ១៩៧០, ទី៤-ព្រះម្ចាស់នរោត្តម ណាវិធីពង្ស កើតថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៧២ និង ទី៥-ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤។

នៅថ្ងៃទី១៨ វិច្ជិកា ឆ្នាំ១៩៦៥ ទ្រង់បានរៀបអាពាហ៍ពីពាហ៍ជាលើកទី២ ជាមួយអ្នកម្នាង ជូឡុង កេតធី(កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥១)ជាកូនស្រីរបស់លោកឧត្តមសេនីយ៍ ញឹក ជូឡុង។ មានបុត្រីមួយព្រះនាម នរោត្តម ណាន់ដាទេវី។នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាលើកទី៣ ជាមួយអ្នកម្នាង ឌួង ឌីយ៉ាត (កើតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៤៨) និងមានបុត្រី៣អង្គ គឺ១-ម្ចាស់ក្សត្រី នរោត្តម រីម៉ាណា កើតថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦៨។ ២-ម្ចាស់ក្សត្រីនរោត្តម បុប្ផារី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧១ និង៣-ព្រះអង្គម្ចាស់នរោត្តម ឥទ្ធិពង្ស កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧២។

ទ្រង់នរោត្តម ចក្រព័ង្ស់ បានរៀបអាពាហ៍ពិពាហ៍លើកទី៤ នៅទីក្រុងប៉េកាំង ប្រទេសចិនក្នុងឆ្នាំ១៩៧៤ ជាមួយអ្នកម្នាងឌួង យ៉ានី(កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៥៣) និងមានបុត្រាមួយអង្គព្រះនាមនរោត្តម រិន្ត្រា កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៥ នៅទីក្រុងប៉េកាំង។ក្រោយមកទៀត ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាលើកទី៥ ជាមួយអ្នកម្នាង ឆារ៉ាវ៉ាន់ ដួងច័ន្ទ (កើតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៦) ជនជាតិថៃ និងមានបុត្រមួយអង្គ ព្រះនាមនរោត្តម ឆារ៉ាចក្រ កើតនៅក្នុងឆ្នាំ១៩៨៥។

ក្រោយពីទ្រង់ចក្រព័ង្ស់ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងបានទទួលតំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៩២ មក អ្នកម្នាងឆារ៉ាវ៉ាន់ ឌួងច័ន្ទ ក៏បានមករស់នៅទីក្រុងភ្នំពេញដែរ។ ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ២០០៥ ក្រោយពេលអ្នកម្នាងរត់គេចខ្លួនទៅប្រទេសថៃវិញ អ្នកម្នាងឆារ៉ាវ៉ាន់ ដួងច័ន្ទ ក៏បានប្រាប់អ្នកកាសែតថា នៅក្នុងឆ្នាំ១៩៩៣ អ្នកម្នាងបានសម្រេចចិត្តលែងលះជាមួយទ្រង់ចក្រព័ង្ស់ ហើយវិលត្រឡប់ទៅប្រទេសថៃវិញ។

ប៉ុន្មានខែក្រោយមក អ្នកម្នាងធ្វើដំណើរវិលត្រឡប់មកទីក្រុងភ្នំពេញ ជាមួយបងស្រីសាច់ថ្លៃម្នាក់ដើម្បីធ្វើអាជីវកម្មមួយ ចៃដន្យក៏បានជួបនឹងទ្រង់ចក្សព័ង្ស់ ហើយទ្រង់បានសុំឲ្យអ្នកម្នាងទៅជួបបុត្រារបស់អ្នកនាងព្រះនាមនរោត្តម ឆារ៉ាចក្រ នោះបន្តិច។ លុះទៅជួបបុត្រាហើយ អ្នកម្នាងត្រូវទ្រង់ចក្រព័ង្ស់ បង្ខំទុកឲ្យនៅក្នុងផ្ទះ តាំងពីពេលនោះមក ហើយបើអ្នកម្នាងចង់ចេញទៅណាម្តងៗ ត្រូវមានអ្នកតាមទៅជាមួយទៀតផង។(មានត.ទៅទៀតនៅភាគទី៤២)