របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤០
ប្រវត្តិសាស្ត្រ
2.21K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ អ្នកម្នាងផាត់ កាញ៉ុល បានប្រសូតបុត្រាមួយអង្គទៀតព្រះនាមនរោត្តម រណឬទិ្ធ។ នៅឆ្នាំ១៩៦៨ ទ្រង់បានទទួលបរិញ្ញាបត្រច្បាប់ និងវិទ្យាសាស្ត្រនយោបាយ នៅប្រទេសបារាំង នៅក្នុងឆ្នាំ១៩៦៨ នេះដែរ ទ្រង់បានរៀបអាពាហ៍ពិពាហ៍លើកទី១ ជាអ្នកម្នាងអេង ម៉ារី (កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៨)។ ឆ្នាំ១៩៦៩ ទ្រង់បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ច្បាប់សាធារណៈនៅប្រទេសបារាំង។

ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទ្រង់ត្រូវបានតុលាការសឹកនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់ កាត់ទោសនៅក្នុងខែកក្កដា ឆ្នាំ១៩៧១។ តែក្រោយមក បានដោះលែងវិញ និងបានចាកចេញពីប្រទេស ទៅរស់នៅជាមួយព្រះបិតាសីហនុ នៅក្រុងប៉េកាំងក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៤ ទ្រង់បានទទួលសញ្ញាបត្របណ្ឌិតច្បាប់ នៅប្រទេសបារាំង និងនៅឆ្នាំ១៩៧៩ ទ្រង់បានទទួលសញ្ញាបត្រជាន់ខ្ពស់ជំនាញដឹកជញ្ជូនតាមផ្លូវអាកាស ដែលខណៈនោះ ទ្រង់ក៏ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យច្បាប់និងវិទ្យាសាស្ត្រនយោបាយ នៅប្រទេសបារាំងផងដែរ។ អ្នកម្នាងកាញ៉ុល សោយទិវង្គត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៦៩។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៤ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី ប្រសូត្របុត្រទី២ គឺព្រះអង្គម្ចាស់នរោត្តម រ័ក្ស វីវង្ស។ ក្រោយរដ្ឋប្រហារទម្លាក់ព្រះបិតាសីហនុ ចេញពីអំណាចឆ្នាំ១៩៧០ ព្រះអង្គម្ចាស់រ័ក្សវីវង្ស បានយាងចូលព្រៃតស៊ូជាមួយពួកខ្មែរក្រហម ក្នុងនាមរណសសិ្សរួបរួមជាតិកម្ពុជា ដើម្បីរួមចំណែកក្នុងការផ្តួលរលំរបបសាធារណរដ្ឋរបស់លន់ នល់ ដែរ តែទ្រង់បានសោយទិវង្គតដោយជម្ងឺនៅក្នុងព្រៃ ក្នុងឆ្នាំ១៩៧៣។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៤៥ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី បានប្រសូត្របុត្រទី៣ គឺព្រះអង្គម្ចាស់នរោត្តម ចក្រព័ង្ស។
ព្រះអង្គម្ចាស់ចក្រព័ង្ស បានយាងទៅបន្តការសិក្សានៅប្រទេសបារាំង និងបានទៅសិក្សានៅវិទ្យាស្ថានកងទ័ពជើងអាកាស នៅប្រទេសយូហ្គោស្លាវី។ ក្នុងទសវត្សរ៍ឆ្នាំ១៩៦៩ ទ្រង់បានចូលបម្រើការងារជាអាកាសយានិកនៅក្នុងកងទ័ពជើងអាកាសកម្ពុជា។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ត្រូវបានឃុំខ្លួនឲ្យនៅតែក្នុងផ្ទះ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៧៣ ក៏មានឱកាសបានយាងចេញទៅទីក្រុងប៉េកាំង ជាមួយអតីតព្រះមហាក្សត្រីស៊ីសុវត្ថិ កុសុមៈ ដែលមេដឹកនាំរបបសាធារណរដ្ឋខ្មែរ អនុញ្ញាតឲ្យចាកចេញទៅរស់នៅជាមួយសម្តេចសីហនុ នៅក្រុងប៉េកាំង។

ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទ្រង់រស់នៅជាមួយសម្តេចព្រះនរោត្តមសីហនុ ជាព្រះបិតានៅក្រុងប៉េកាំង ដោយមានតួនាទីជាប្រធានពិធីការ។
ក្រោយជ័យជម្នះរបស់ពួកខ្មែរក្រហមថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទ្រង់បានសម្រេចព្រះទ័យមិនត្រឡប់មកមាតុប្រទេសតាមព្រះបិតាវិញទេ ទ្រង់បានទៅរស់នៅប្រទេសបារាំង រហូតដល់ចុងឆ្នាំ១៩៨០ ទ្រង់បានចូលរួមក្នុងចលនាតស៊ូរណសិ្សរួបរួមជាតិ ដើម្បីឯករាជ្យអព្យាក្រិត្យសន្តិភាព និងសហប្រតិបិត្តការ (FUNCINPEC) ជាមួយព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ដោយមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងទ័ពសីហនុ និយម។

ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទ្រង់បានចូលរួមជាមួយរបបរដ្ឋកម្ពុជា ដែលដឹកនាំដដោយយគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩២ ទ្រង់ចក្រព័ង្ស បានទទួលឋានៈជាឧបនាយករដ្ឋមន្ត្រីនិងជាមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រោយការបោះឆ្នោត ដែលរៀបចំឡើងដោយអ៊ុនតាក់ ខែឧសភា ឆ្នាំ១៩៩៣ គណបក្សប្រជាជនចាញ់ឆ្នោត (គណបក្សប្រជាជនបានអាសនៈនៅក្នុងរដ្ឋសភា ៥១ គណបក្សហ៊្វុនស៊ីនប៉ិច បាន៥៨) ទ្រង់ចក្រព័ង្ស និងឧត្តមសេនីយ៍ ស៊ិន សុង អតីតរដ្ឋមន្ត្រីសន្តិសុខបានបង្កើតតំបន់អបគមន៍ នៅត្រើយខាងកើតទន្លេមេគង្គ។(មានត.ទៅទៀតនៅភាគទី៤០)