ពាណិជ្ជកម្ម

មន្ត្រីសិទ្ធិមនុស្សUNថា បើគ្មានបក្សប្រឆាំង ការបោះឆ្នោត អាចចាត់ទុកជាការមិនត្រឹមត្រូវ តែបក្សកាន់អំណាចប្រតិកម្មថាពួកមេក្លោងបរទេសព្យាយាមជួយកូនជឹងរបស់ខ្លួន

ភ្នំពេញ៖ ក្រោយពីមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទាមទារឲ្យរកដំណោះស្រាយនយោបាយមួយជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចចូលរួមក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ ហើយថាប្រសិនបើគណបក្សប្រឆាំងនេះ មិនបានចូលរួមក្នុងការបោះឆ្នោតនេះទេ អាចចាត់ទុកថា ជាការត្រឹមត្រូវបានឡើយ នោះមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មតបវិញថា ទោះបី មានភ័ស្តុតាងនិង ឯកសារច្បាស់លាស់ ពួកមេក្លោងបរទេសនៅតែព្យាយាមជួយ អះអាងនិងឲ្យតម្លៃទៅលើកូនជឹងរបស់ខ្លួនដដែល។

ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថ្ងៃទី៣០ ខែមេសាម្សិលមិញ នេះ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សង្កត់ធ្ងន់ថា “គ្មានការបោះឆ្នោតណាមួយ អាចចាត់ទុកថា ជាការត្រឹមត្រូវបានឡើយ ប្រសិនបើគណបក្សប្រឆាំងដ៏ធំជាងគេតែមួយគត់ ត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងការបោះឆ្នោត”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មតបតទៅអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) វិញថា៖ ដោយប្រកួតប្រជែងក្នុងការបោះឆ្នោតមិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជាមិនបាន អតីតៈបក្សប្រឆាំង បានដូរវិធីផ្តួលរំលំម្តង ដោយយកផែនការមេក្លោង មកអនុវត្ត ដោយគួបផ្សំកម្លាំងពាក់ព័ន្ធសរុប រួមមានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយ ក្រុមយុវជននាំមុខ អ្នកវិភាគលំអៀង ដោយយកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែបី ។

ទោះបី មានភ័ស្តុតាងនិង ឯកសារច្បាស់លាស់ ពួកមេក្លោងបរទេសនៅតែ ព្យាយាមជួយ អះអាងនិងឲ្យតម្លៃទៅលើកូនជឹងរបស់ខ្លួនថា ៖
- បើអត់ពីអាយ៉ងខ្លួនគឺប្រជាធិបតេយ្យនៅកម្ពុជាត្រូវស្លាប់ ។
- បើអត់មានវត្តមានអាយ៉ងរបស់ខ្លួនចូលរួមបោះឆ្នោត ការបោះឆ្នោតមិនបានការ ។
- បើអត់អាយ៉ងរបស់ខ្លួនចូល មិនទទួលស្គាល់លទ្ធផលបោះ ឆ្នោត ។

ជំហរកាន់ជើងអាយ៉ងបែបនេះ សរបញ្ជាក់ច្បាស់ថា ជនបរទេសដែលបាននិយាយកាន់ជើងនិងឲ្យតម្លៃទៅលើជនល្មើសច្បាប់កម្ឋុជា គឺជាការប្រមាថ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជារបស់ប្រជាជនកម្ពុជា មិនមែនជាកម្មសិទ្ធិរបស់ក្រុមជនក្បត់ជាតិជាដាច់ខាត ។
ប្រជាជនកម្ពុជាមានសិទ្ធិសម្រេចលេីជោគវាសនារបស់ខ្លួន ក្រោមវិសាលភាពនៃឯករាជ្យ អាធិបតេយ្យ និង បូរណភាពដែនដីរបស់ខ្លួន ៕

 




អត្ថបទទាក់ទង៖