ពាណិជ្ជកម្ម

របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៣៩

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖​ ឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧០ ព្រះនាងរៀបអាពាហ៍ពិពាហ៍លើកទី១ ជាមួយព្រះអង្គម្ចាស់នរោត្តម នរិនរៈ ទេវង្ស (ប្រសូតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៣៥) និងបានលែងលះគ្នាវិញ នៅក្នុងឆ្នាំ១៩៦០។ ព្រះអង្គម្ចាស់នរោត្តម នរិនរៈ ទេវង្ស សោយទិវង្គត់ក្នុងឆ្នាំ១៩៧០។នៅក្នុងឆ្នាំ១៩៦០ ព្រះនាងបានរៀបអាពាហ៍ពិពាហ៍លើកទី២ជាមួយរាជវង្សមួយអង្គទៀត ព្រះនាមស៊ីសុវត្ថិ មុនីជីវ័ន្ត (ប្រសូត្រនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៣២) និងបានលែងលះគ្នានៅក្នុងឆ្នាំ១៩៦២ ដោយមានបុត្រី២អង្គ គឺទី១ ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកុសុម៉ា ប្រសូត្រឆ្នាំ១៩៦០ និងទី២ ម្ចាស់ក្សត្រីស៊ីសុវត្ថិ កល្យាណ ទេវី ប្រសូត្រនៅឆ្នាំ១៩៦១។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីជីវ័ន្ត បានសោយទិវង្គត់នៅក្នុងឆ្នាំ១៩៧៥។

ក្រោយពីលែងលះគ្នាជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីវ័ន្ត មក ព្រះនាងបានរៀបអាពាហ៍ពិពាហ៍លើកទី៣ ជាមួយជនជាតិបារាំងម្នាក់ ឈ្មោះប្រុយណូ ហ្វ័ររ៉េណេទី (Bruno Foreineti) នៅក្នុងឆ្នាំ១៩៦៣។ លោកប្រុយណូហ្វ័ រ៉េណេទី កើតនៅឆ្នាំ១៩៤២ និងស្លាប់ទៅវិញក្នុងឆ្នាំ១៩៧២ នៅប្រទេសបារាំង បានបុត្រីមួយអង្គព្រះនាមនរោត្តម ច័ន្ទស៊ីតា ឬច័ន្ទស៊ីតា ហ្វ័រ៉េណេទី (Chansida Foreineti) ប្រសូត្រឆ្នាំ១៩៦៥។

នៅក្នុងខែកក្កដា ឆ្នាំ១៩៦៧ ព្រះនាងបានរៀបអាពាហ៍ពិពាហ៍ជាលើកទី៤ ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស ដែលត្រូវជាស្វាមីរបស់់ម្ចាស់ក្សត្រីនរោត្តម បុទុមបុប្ជា និងមានបុត្រា២អង្គ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្តណាឬទ្ធី ប្រសូត្រនៅឆ្នាំ១៩៦៨ និងព្រះអង្គម្ចាស់ស៊ីសុវិត្ថវត្តិ ជីរ៉ាវុឌ្ឍ ប្រសូត្រឆ្នាំ១៩៧៣។
ឆ្នាំ១៩៧៩ ព្រះនាងបានចូលរួម តស៊ូ ក្នុងចលនាហ៊្វុនស៊ីនប៉ិច ជាមួយព្រះបិតា។ ឆ្នាំ១៩៩២ ព្រះនាងបានចាកចេញពីចលនាតស៊ូហ៊្វុនស៊ីនប៊ិច ទៅចូលរួមជាមួយរដ្ឋាភិបាលនៃរបបរដ្ឋកម្ពុជា និងមានតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងព័ត៌មាន។

ពីឆ្នាំ១៩៩៣ ដល់១៩៩៨ ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ ព្រះនាងបានទទួលគោរម្យងារជាសម្ដេចព្រះរាជបុត្រីព្រះនរោត្តម បុប្ជាទេវី។ ក្រោយមកព្រះនាងបានលែងលះជាមួយព្រះអង្គម្ចាស់ជីវ័ន្ត មុនីរ័ក្ស ហើយយកស្វាមីទី៥ ឈ្មោះខែក វ៉ាន់ឌី ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលតាកែវ អាណិត្តទី១ និង អាណិត្តទី២។ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ស្វាមីទី៥ ឈ្មោះខែក វ៉ាន់ឌី បានទទួលមរណៈភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៨៥ឆ្នាំ។

ចំណែកម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី ដែលអាចចាត់ទុកជាមហេសីទី២នោះ ក៏បានប្រសូត្របុត្រាមួយអង្គ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ នោះដែរ។ បុត្រានោះព្រះនាមនរោត្តម យុវនាថ។ព្រះអង្គម្ចាស់នរោត្តម យុវនាថ សិក្សានៅវិទ្យាល័យព្រះសីសុវិត្ថ។ នៅក្នុងឆ្នាំ១៩៥៧ ទ្រង់បានចូលរួមក្នុងអង្គការកាយរិទិ្ធ និងបានទៅចូលរួមប្រជុំអង្គការកាយរិទ្ធិអន្តរជាតិនៅប្រទេសហ្វីលីពីន។

នៅក្នុ្ងងឆ្នាំ១៩៥៩ ទ្រង់បានរៀបអាពាហ៍ពិពាហ៍លើកទី១ ជាមួយអ្នកម្នាងប្រេប ម៉ូ និងមានបុត្រ២អង្គ គឺទី១ ព្រះអង្គម្ចាស់ក្សត្រីនរោត្តម ឆារ៉ា រង្ស៊ី ប្រសូត្រថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៦០ និងទី២ ព្រះអង្គម្ចាស់នរោត្តម យុវយូរី ប្រសូត្រនៅឆ្នាំ១៩៦២ ។នៅក្នុងខែមិថុនា ឆ្នាំ១៩៦២ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាលើកទី២ ជាមួយអ្នកម្នាង ទា កឹមយិន និងមានបុត្រ៤អង្គគឺ១ ព្រះអង្គម្ចាស់នរោត្តម យុវដារ៉ាវុឌ្ឍ ប្រសូត្រនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៦៦ ។

ទី២ ព្រះអង្គម្ចាស់នរោត្តម យុវចារិន កើតឆ្នាំ១៩៦៥។ទី៣ព្រះអង្គម្ចាស់នរោត្តម យុវចារិន ប្រសូតនៅក្នុងឆ្នាំ១៩៦៩ ។ ព្រះអង្គម្ចាស់នរោត្តម យុវចារិន នេះត្រូវបានគេនឹកស្មានថាសុគតនៅក្នុងឆ្នាំ១៩៧៦ សម័យខ្មែរក្រហមទៅហើយ តែក្រោយឆ្នាំ១៩៧៩ ទ្រង់បានរត់ភៀសខ្លួនទៅព្រំដែនថៃ និងបានចេញទៅរស់នៅប្រទេសស៊ុយអែត រហូតដល់ឆ្នាំ២០១៣ទើបវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ។

ទី៣ម្ចាស់ក្សត្រីនរោត្តម ប៉េគីណា ប្រសូតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧០ គឺក្រោយ ព្រះអង្គម្ចាស់នរោត្តម យុវនាថ និងអ្នកម្នាង ទា កឹមយិន ទៅរស់នៅក្រុងប៉េកាំង ក្រោយរដ្ឋប្រហារថ្ងៃ១៧ មីនា ១៩៧០។ សព្វថ្ងៃ ម្ចាស់ក្សត្រីនរោត្តម ប៉េគីណា កំពុងរស់នៅក្រៅប្រទេស ។ ទី៤ ម្ចាស់ក្សត្រីនរោត្តម យុវទេវី ប្រសូតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៧៤ នៅក្រុងប៉េកាំង។(មានត.ទៅទៀតនៅភាគទី៤០)

 




អត្ថបទទាក់ទង៖