ពាណិជ្ជកម្ម

កម្ពុជានឹងចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Games) លើកទី៣២ ដោយមានកីឡាករ កីឡាការិនីមកពីប្រទេសចំនួន១១ចូលរួម នៅឆ្នាំ២០២៣ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាអាចនឹងចំណាយថវិកាប្រមាណ ៣០ លានដុល្លារសហរដ្ឋអាមេរិក ។
បើទោះបីជាគម្រោងចំណាយលើការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅមិនទាន់អនុម័តជាផ្លូវការក្តី ក៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៦ មេសាកន្លងទៅនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប៉ាន់ប្រមាណថា កម្ពុជាអាចនឹងចំណាយថវិកាប្រមាណ១លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ប្រភេទកីឡា ដែលនោះ មានន័យថា កម្ពុជានឹងចំណាយថវិកាប្រមាណជា៣០លានដុល្លារអាមេរិក ខណៈដែលកម្ពុជានឹងដាក់កីឡា ៣០ប្រភេទ ដើម្បីប្រកួតប្រជែង។

ការចំណាយនេះ នៅមិនទាន់រាប់បញ្ចូលការចំណាយមុននិងក្រោយការប្រកួតនោះទេ ពោលគឺ គិតតែក្នុងអំឡុងពេលនៃការរៀបចំការប្រកួតប៉ុណ្ណោះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា បើតាមស្តង់ដារបស់ប្រទេសដែលធ្លាប់រៀបចំព្រឹត្តិការណ៍នេះ គេត្រូវចំណាយយ៉ាងតិច១លានដុល្លារ សម្រាប់ប្រភេទកីឡានីមួយៗ ។ ដូច្នេះបើកម្ពុជាដាក់កីឡា ៣០ប្រភេទ ដើម្បីឲ្យអត្តពលិកទាំង១១ប្រទេសប្រកួតប្រជែងគ្នានោះ កម្ពុជាត្រូវចំណាយថវិកាប្រមាណជាង៣០លានដុល្លារអាមេរិក។ តែយ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅមិនទាន់កំណត់ពីគម្រោងចំណាយសរុបនៅឡើយទេ។

កិច្ចប្រជុំកាលពីថ្ងៃទី ២៦ មេសា នោះដែរ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតនេះ បានជំរុញឲ្យមន្ត្រីក្រោមឱវាទប្រើប្រាស់ថវិកាឲ្យបានត្រឹមត្រូវ មានភាពជាក់លាក់ និងស្របតាមផែនការហិរញ្ញវត្ថុ ដែលបានកំណត់ក្នុងផែនការមេរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម។កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ត្រូវធ្វើឡើងនៅប្រទេសហ្វីលីពីន ។ កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ត្រូវធ្វើឡើងនៅប្រទេសវៀតណាម និង កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ កម្ពុជាត្រូវធ្វើម្ចាស់ផ្ទះ។

គួររម្លឹកថា កាលពីឆ្នាំ១៩៦៦ ពោលគឺ៥១ឆ្នាំមុន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះម្តង ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីហ្គាណាហ្វូលើកទី១ ក្នុងសម័យសង្គមរាស្រ្តនិយមម្ដងរួចមកហើយ ដែលកាលណោះ ការប្រកួតរៀបចំធ្វើឡើងនៅឯពហុកីឡាដ្ឋានជាតិ ៕

 




អត្ថបទទាក់ទង៖