ក្រសួងមហាផ្ទៃ ឲ្យលោក គង់ មុនីកា កូនពៅលោក គង់ គាំ ប្រមូលស្នាមមេដៃអ្នកគាំទ្រ៤ពាន់នាក់ ដើម្បីចុះបញ្ជីជាគណបក្សស្របច្បាប់
ព័ត៌មាន
3.12K

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យកូនលោក គង់ គាំ បង្កើតគណបក្សឈ្មោះ «ឆន្ទៈខ្មែរ» ហើយ ប៉ុន្តែតម្រូវឲ្យតំណាងស្ថាបនិកគណបក្សនេះ ប្រមូលស្នាមមេដៃអ្នកគាំទ្រ៤ពាន់នាក់ និងបំពេញលក្ខខណ្ឌមួយចំនួនទៀត ដើម្បីចុះបញ្ជីជាគណបក្សស្របច្បាប់។

លិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លេខ៧១៦សជណ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ប្រាប់ លោក គង់ មុនីកា តំណាងស្ថាបនិកគណបក្សគណបក្សឆន្ទៈខ្មែរ ថា៖ «ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ គណបក្សឆន្ទៈខ្មែរ ត្រូវស្នើសុំចុះបញ្ជី នៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៩ ត្រង់វាក្យខណ្ឌទី២ មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ» ពោលគឺត្រូវ ប្រមូលស្នាមមេដៃអ្នកគាំទ្រ៤ពាន់នាក់ និងបំពេញលក្ខខណ្ឌមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានថា គណបក្សឆន្ទៈខ្មែរ មិនទាន់ត្រូវបានចុះបញ្ជីនៅឡើយទេ ដោយត្រូវរង់ចាំគណបក្សនេះប្រមូលស្នាមេដៃអ្នកគាំទ្រឱ្យគ្រប់៤ពាន់ និងបំពេញលក្ខខណ្ឌតាមសេចក្តីជូនដំណឹងខាងលើជាមុនសិន។លោក គង់ គាំ អតីតប្រធានគណបក្សភ្លើងទៀន និងធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សឆន្ទៈខ្មែរ ទំនងជាដាក់ពាក្យទៅកាន់គ.ជ.ប. នៅថ្ងៃទី១៣ ឬ១៤ ខែឧសភា ខាងមុខនេះ។

លោក គង់ គាំ បានបញ្ជាក់ថា៖«ជាធម្មតា ការបង្កើតគណបក្ស គឺតែងតែមានសង្ឃឹម ថាមានប្រជាពលរដ្ឋគាំទ្រ។ គណបក្ស ដែលកូនប្រុសរបស់លោកបង្កើតនេះ ក៏មានឧត្តមគតិ ចង់បម្រើជាតិដែរ មិនមែនគ្រាន់តែដើម្បីលម្អសួនប្រជាធិបតេយ្យ ឬកំដរមេដឹកនាំសព្វថ្ងៃទេ» ៕