កូរ៉េខាងត្បូង សន្យាដកឧបករណ៍បំពងសំឡេង រិះគន់កូរ៉េខាងជើងដែលបំពាក់នៅតំបន់ព្រំដែន..នៅថ្ងៃស្អែកនេះ
ព័ត៌មាន
4.01K

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ យោធាកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា កូរ៉េខាងត្បូងនឹងដកចេញឧបករណ៍បំពងសំឡេង រិះគន់ទៅលើកូរ៉េខាងជើង ដែលត្រូវបានតម្លើងនៅឯតំបន់ព្រំដែននោះចេញដែលជាផ្នែកមួយ នៃការអនុវត្តតាមកិច្ចព្រមព្រៀង នៃជំនួបកំពូលអន្តរកូរ៉េកាលពីសប្ដាហ៍មុន។

ថ្លែងសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដដែលនោះឱ្យបញ្ជាក់ថា ឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើង នឹងត្រូវដកចេញពីតំបន់ព្រំដែនគ្មានកងទ័ព នៅថ្ងៃអង្គារស្អែកនេះ។

កាលពីថ្ងៃទី២៧មេសា កន្លងទៅនេះ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un និងប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in បានជួបគ្នានៅភូមិ Panmunjom ដែលជាកន្លែងប្រវត្តិសាស្រ្ត ដែលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកូរ៉េជាបណ្តោះអាសន្ន ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៥៣ ដើម្បីចាប់ផ្តើមការចរចារវាងប្រទេសទាំងពីរ។ នេះជាជំនួបកំពូលលើកទីបីរវាងមេដឹកនាំប្រទេសទាំងពីរ ក៏ប៉ុន្តែ នេះជាលើកទី១ ដែលមេដឹកនាំកុម្មុយនីស្តកូរ៉េខាងជើងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងដែលកាន់លទ្ធិប្រជាធិបតេយ្យ។ កូរ៉េខាងត្បូង បានរៀបចំពិធីស្វាគមន៍ទទួលមេដឹកនាំកូរ៉េខាងជើង ដោយមានទាំងពិធីត្រួតពលជាការផ្តល់កិត្តិយសផងដែរ។

ក្នុងជំនួបជាប្រវត្តិសាស្ត្រនោះបងប្អូនកូរ៉េទាំងពីរបានធ្វើការពិភាក្សានិងបានព្រមព្រៀងគ្នាថា នឹងបញ្ឈប់រាល់សកម្មភាពប្រឈមមុខដាក់គ្នាទៅវិញទៅមក លើគ្រប់វិស័យទាំងអស់។

លើសពីនេះទៅទៀត មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាដែរថា នឹងបញ្ឈប់រាល់សកម្មភាពអរិភាព ព្រមទាំងលុបចោលនូវមធ្យោបាយ រិះគន់គ្នាក្នុងនោះមានដូចជា ការដកឧបករណ៍បំពងសម្លេង និងការបង្ហោះខិតប័ណ្ណរិះគន់គ្នា នៅតាមតំបន់ខែ្សបន្ទាត់ព្រំដែនរវាងប្រទេសទំាងពីរជាដើម៕ (ឈ សរភ)