ពាណិជ្ជកម្ម

របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៣៨

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖​ លោកគ្រូហែម ចៀវ ប្រសូតនៅក្នុងឆ្នាំ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) ឃុំដំបូកមានលក្ខណ៍ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះហែម ជាមេឃុំដំបូលមានលក្ខណ៍ ម្តាយឈ្មោះទីវ និងមានបងប្អូន៥នាក់ គឺទី១-ហែម លី, ទី២-ហែម ចៀវ, ទី-៣ ហែម ហួត, ទី-៤ ហែម សុច (ស្រី), ទី-៥ ហែម សាយ។

នៅក្នុងឆ្នាំ១៩១០ ពេលលោកគ្រូអាចារ្យហែម ចៀវ មានអាយុ១២ឆ្នាំ មេឃុំហែម ជាឪពុក ក៏បាននាំយកទៅផ្ញើនឹងព្រះសង្ឃសត្ថា ជួន ណាត គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ មេឃុំហែម ធ្លាប់ជាមិត្តភក្តិជិតស្និតនឹងព្រះសង្ឃសត្ថា ជួន ណាត ។ លុះមកដល់វ័យ១៦ឆ្នាំ ក៏បានបំបួសជាសាមណេរ សិក្សាធម៌អាថ៌នៅក្នុងវត្តឧណ្ណាលោមនោះ បន្តទៀត។ រហូតដល់ព្រះជន្ម២០វស្សា ក៏បានបំពេញឧបសម្បទាជាភិក្ខុ នៅវត្តលង្កា ដោយមានព្រះមហាវិមលធម្មថោង ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ដំបូងគេបង្អស់ ជាឧបជ្ឈា និងព្រះគ្រូបវរវិជ្ជាល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន ណាត ជាគ្រូសូត្រ។ ក្រោយពី បំពេញឧបសម្បទាជាភិក្ខុហើយ ព្រះអង្គក៏បានប្រឡងជាប់បានចូលរៀនសាលាបាលីជាន់ខ្ពស់។

បន្ទាប់ពីបានសិក្សានៅសាលាបាលីជាន់ខ្ពស់រយៈពេល៧ឆ្នាំមក ព្រះអង្គក៏ប្រឡងជាប់សញ្ញាបត្រឌីប្លូមសាលាបាលីជាន់ខ្ពស់នោះ ក្នុងលំដាប់លេខ៦។
នៅក្នុងឆ្នាំ១៩២៧ លោករ៉េស្យូម ជាទេសាភិបាលបារាំង ប្រចាំខេត្តកំពត បានទៅពឹងព្រះមេគណខេត្ត ដែលគង់នៅវត្តអង្គសុភី (ហៅវត្តកន្ថោ) នៅស្រុកកំពង់ត្រាច ឲ្យមកជួយបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត។ ពេលនោះ ព្រះអង្គមេគណខេត្តដែលជាចៅអធិការវត្តអង្គសុភី ហៅវត្តកន្ថោ ក៏បាននិមន្តទៅពឹងព្រះគ្រូសង្ឃសត្ថា ជួន ណាត ដែលគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ឲ្យជួយរកឲ្យ។ ព្រះគ្រូសង្ឃសត្ថា ក៏បានចាត់លោកគ្រូអាចារ្យហែម ចៀវ ឲ្យទៅបង្រៀនព្រះសង្ឃនៅវត្តក្រាំងដួង ស្រុកបន្ទាយមាស និងវត្តអង្គសុភី ស្រុកកំពង់ត្រាច នោះអស់រយៈពេល៦ឆ្នាំ ទើបវិលត្រលប់មកភ្នំពេញវិញ និងបានប្រឡងជាប់ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់នៅក្នុងឆ្នាំ១៩៣២។

ក្រោយពីកាសែតនគរវត្តចេញផ្សាយជាភាសាខ្មែរ លើកដំបូងបង្អស់ក្នុងឆ្នាំ១៩៣៦ មក លោកគ្រូអាចារ្យហែម ចៀវ ក៏បានប្រាស្រ័យទាក់ទងជាមួយសឹង ង៉ុកថាញ់ ប៉ាច ឈឺន និងស៊ឹម វ៉ា ជាស្ថានិកកាសែតនោះ និងរួមចំណែកក្នុងការទេសនាបំផុសឲ្យខ្មែរភ្ញាក់រឭកឈប់ទាស់ទែងគ្នា និងឲ្យមានមនសិការតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំង ដើម្បីឯករាជ្យជាតិ រហូតដល់ថ្ងៃ១៧ ខែកក្កដា ឆ្នាំ១៩៤២ ក៏ត្រូវបារាំងចាប់ខ្លួនតែម្តង។

ឥឡូវនេះ យើងងាកមកតាមដានរឿងរ៉ាវស្នេហារបស់ព្រះមហាក្សត្រនរោត្តម សីហនុ ជាមួយអ្នកម្នាងផាត់ កាញ៉ុល ជានាដការិនី របាំព្រះរាជទ្រព្យ ដែលមានវ័យច្រើនជាង ព្រះមហាក្សត្រនរោត្តម សីហនុ ២ឆ្នាំ (អ្នកម្នាងកាញ៉ុល កើតនៅក្នុងឆ្នាំ១៩២០) និងម្ចាស់ក្សត្រីស៊ីសុវិត្ថ ពង្សសានមុនី ដែលទើបតែមានព្រះជន្ម១៣វស្សា កន្លះនោះវិញម្ដង ។ ទោះបីជាលោកហ្គោជេ (Gauthier) ទេសាភិបាលជាន់ខ្ពស់បារាំងថ្មីព្យាយាមរារាំងយ៉ាងណា ក៏មិនអាចបំបែកព្រះអង្គបានដែរ។ ម្ចាស់ក្សត្រីពង្សសានមុនី ជាបុត្រីព្រះបរមសពព្រះមុនីវង្ស ជាមួយអ្នកម្នាងកេសម៉ាលី ឯក ណាត (ឈ្មោះដើម ឯក ណាត)។

នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ អ្នកម្នាងកាញ៉ុល ប្រសូត្របានបុត្រីមួយព្រះនាមនរោត្តម បុប្ជាទេវី បានចូលសិក្សានៅសាលាបឋមសិក្សាសុធារស។ ទន្ទឹមនឹងនោះដែរ ព្រះនាង ក៏បានចាប់ផ្តើមហាត់រាំរបាំព្រះរាជទ្រព្យនៅក្នុងព្រះបរមរាជវាំងដូចព្រះមាតាផងដែរ។
ក្រោយពីបញ្ចាប់ការសិក្សានៅសាលាបឋមសិក្សាសុធារស ព្រះនាងបានបន្តការសិក្សានៅអនុវិទ្យាល័យព្រះនរោត្តម និងបានក្លាយជាអ្នករាំរបាំព្រះរាជ្យទ្រព្យដ៏ល្បីល្បាញបំផុតចាប់ពីព្រះជន្ម១៥វស្សា មក។

(មានត.ទៅទៀតនៅភាគទី៣៩)

 

 




អត្ថបទទាក់ទង៖