ពាណិជ្ជកម្ម

របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៣៧

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ នៅទីនោះ អ្នកទោសនយោបាយវៀតណាម ដែលជាពួកតស៊ូវៀតមិញ បានពង្រឹងសាមគ្គីភាព និងជួយអប់រំគោលជំហអ្នកទោសនយោបាយឯទៀតហើយពួកគេតែងតែជួយឈឺឆ្អាល និងជួយយកអាសារអ្នកទោសខ្មែរជានិច្ច។

ប៊ុណ្ណចន្ទម៉ុលបានធ្វើការកត់សម្គាល់ថាជាអ្នកទោសនយោបាយដែលជាពួកមេដឹកនាំចលនាតស៊ូវៀតមិញ នោះ ព្យាយាមបង្ហាត់បង្រៀនភាសាអង់គ្លេស ឬបារាំងឲ្យពួកគេជាក្រុមៗ ដោយយកកំបោរស សរសេរលើកម្រាលឥដ្ឋ ដែលជាកន្លែងពួកគេដេកនោះតែម្តង និងអប់រំសតិអារម្មណ៍ពួកគេមិនឲ្យអស់សង្ឃឹមក្នុងការតស៊ូ ដើម្បីដណ្តើមឯករាជ្យពីពួកបារាំង ឲ្យទាល់តែបាន។

នៅលើគុកកោះត្រឡាចនោះ ពួកអ្នកទោសវៀតមិញមួយចំនួន ក៏ត្រូវគេយកទៅប្រហាជីវិតដែរ។ អ្នកទោសវៀតមិញ ដែលត្រូវគេយកចេញពីកន្លែងឃុំឃាំងទៅប្រហារជីវិតនោះ គឺនៅវេលាម៉ោង៥ភ្លឺស្រាងៗ។ ពេលពួកឆ្មាំគុកបណ្តើរចេញទៅ ពួកគេតែងតែស្រែកលា និងផ្តាំផ្ញើពួកគេដែលនៅកន្លែងឃុំឃាំងទាំងប៉ុន្មាននោះ ឲ្យខំប្រឹងតស៊ូបន្តទៀត ដោយកុំតក់ស្លុតនិងសេចក្តីស្លាប់ឲ្យសោះ ហើយមិត្តភក្តិគេក៏នាំគ្នាក្រោកឈរតាមចម្រឹងទ្វារបន្ទប់ឃុំឃាំងស្រែកច្រៀងចម្រៀងបដិវត្តន៍ និងស្រែកខ្លាំងៗនិងព្រមៗគ្នាថា “ជយោ ! អ៊ុំហូៗៗៗ” រហូតដល់អ្នកទោសត្រូវគេយកទៅប្រហាជីវិតនោះ ត្រូវឆ្មាំនាំទៅផុតឆ្ងាយពីបន្ទប់ឃុំឃាំង។

ក្រោយពេលទៅជាប់គុកនៅកោះត្រឡាចបានប្រមាណ៤ខែ លោកគ្រូអាចារ្យហែម ចៀវ និង នួន ឌួង ធ្លាក់ខ្លួនមានជំងឺជាទម្ងន់។លោកគ្រូអាចារ្យហែម ចៀវ មានរោគរាកមូល ឯនួន ឌួង មានជំងឺស្ពឹកដៃជើងត្រូវចាក់ថ្នាំច្រើនម្ជុល រហូតដល់អាប់សែនៅត្រង់ត្រកៀក ហើមប៉ោងធំ ត្រូវគ្រូពេទ្យ វះយកខ្ទុះចេញ បណ្តាលឲ្យស្រែកឈឺចុកចាប់វេទនាបំផុត។

នៅពេលជំងឺរបស់់លោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង កាន់តែធ្ងន់ធ្ងរដុនដាបទៅៗ ឆ្មាំគុកក៏បញ្ជូនទៅដាក់នៅកន្លែងព្យាបាលជំងឺដែលនៅក្នុងបរិវេណកន្លែងឃុំឃាំងនោះដែរ។ពេលនោះហើយដែលប៊ុណ្ណ ចន្ទម៉ុល មានឱកាសទៅសួរសុខទុក្ខលោកទាំង២ដោយផ្ទាល់។ គ្រាន់តែឃើញសភាពជំងឺភ្លាម ធ្វើឲ្យប៊ុណ្ណ ចន្ទម៉ុល អស់សង្ឃឹមទៅហើយ គាត់បានទាក់ទងកាប៉ូរ៉ាល់ និងអ្នកទោសម្នាក់ដែលគេឲ្យធ្វើជាអ្នកសម្អាតកន្លែងព្យាបាលជំងឺអ្នកទោស ឲ្យជួយមើល លោក គ្រូអាចារ្យហែម ចៀវ និងនួន ឌួង ផង ដោយបានលុយខ្លះទៅពួកគេផងដែរ។

លុយនោះប៊ុណ្ណ ចន្ទម៉ុល បានមកពី ក្រុមគ្រួសារនៅភ្នំពេញ ផ្ញើមកឲ្យ៦០០រៀលតាមរយៈអ្នកបកប្រែភាសាម្នាក់ ឈ្មោះអង់ដ្រេ ដកម៉ៃ កាលពីប៉ុន្មានខែមុន។
មិនតែប៉ុណ្ណោះ ប៊ុណ្ណ ចន្ទម៉ុល បានផ្តាំផ្ញើ កាប៉ូរ៉ាល់ និងអ្នកទោសនោះទៀតថា បើអ្នកជំងឺទាំង២នាក់នេះស្លាប់ ពេលឲ្យគេយកទៅកប់ សូមមេត្តាកប់ឲ្យបានស្រួលបួលផង កុំកប់លាយឡំជាមួយខ្មោចអ្នកទោសផ្សេងទៀត។

ក្រោយមក ពេលឮដំណឹងថា លោកគ្រូអាចារ្យហែម ចៀវ បានទទួលមរណភាពទៅហើយ ប៊ុណ្ណ ចន្ទម៉ុល ក៏ឆ្លៀតឱកាសទៅកាន់កន្លែងព្យាបាលជំងឺអ្នកទោសនោះជាថ្មីម្តងទៀតឃើញ លោកនួន ឌួង។ ពេលនោះ នួន ឌួង ខ្សឹកខ្សួលអួលដើមកប្រាប់ប៊ុណ្ណ ចន្ទម៉ុល ថា លោកគ្រូអាចារ្យហែម ចៀវ បានខូច(ស្លាប់)កាលពីម្សិលមិញទៅហើយ។ សពលោកគ្រូអាចារ្យ ត្រូវគេរុំក្រមា និងកន្ទេលស្អាតបាត និងមានចងខ្សែត្រឹមត្រូវ ដាក់រទេះរុញយកទៅបញ្ជុះហើយ។

បន្តិចក្រោយមក ប៊ុណ្ណ ចន្ទម៉ុល ក៏សុំឲ្យកាប៉ូរ៉ាលដែលនៅកន្លែងព្យាបាលនោះ ជួយនាំគាត់ទៅមើលផ្នូរលោកគ្រូអាចារ្យហែម ចៀវ ដែលស្ថិតនៅលើវាលខ្សាច់ដ៏ធំមួយមានផ្នូររាប់ពាន់។ នៅមុខផ្នូរលោកគ្រូអាចារ្យហែម ចៀវ មានស្លាកបន្ទះក្តារតូចមួយសរសេរលេខ១១១៣ ហើយ២-៣ ថ្ងៃក្រោយមក ប៊ុណ្ណ ចន្ទម៉ុល ក៏នាំមិត្តភក្តិជាអ្នកទោសដូចគ្នា៣នាក់ទៀតទៅមើលផ្នូរនោះ និងបានយកដុំធំៗជាង២០ដុំ ទៅដាក់លើផ្នូរនោះ ដើម្បីទុកជាសញ្ញាសម្គាល់ទៅថ្ងៃក្រោយ ទៀតផង។(មានត.ទៅទៀតនៅភាគទី៣៨)

 




អត្ថបទទាក់ទង៖