របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៣៦
ប្រវត្តិសាស្ត្រ
4201

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ នៅក្នុងខែមិថុនា ឆ្នាំ១៩៤៣ លោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និង ប៉ាច ឈឺន ត្រូវអាជ្ញាធរបារាំង បញ្ជូនចេញពីគុកធំនៅទៅក្រុងនគរ យកទៅដាក់គុកកោះត្រឡាច ដែលបារាំងហៅថា កោះគុកពូឡូកុងឌ័រ (Poulo Condore) និងវៀតណាមហៅថា កោះកុងសុង (Con son) ក្រោយពេលលោកសេនាប្រមុខប៉េតាំងនាយករដ្ឋមន្ត្រីបារាំងសម្រេចបន្ធូរបន្ថយទោស ពីការប្រហាជីវិតឲ្យមកនៅត្រឹមជាប់គុកអស់មួយជីវិត វិញ។

គុកកោះត្រឡាចនេះ ត្រូវបានអាជ្ញាធរបារាំងបង្កើតឡើងចាប់តាំងពីឆ្នាំ១៨៦១ មកម្ល៉េះ។ អ្នកទោសនយោបាយខ្មែរទាំង៣នាក់នេះ ត្រូវបានគេយកទៅដាក់នៅក្នុងអគារលេខ៤ ដែលជាអគារដាក់អ្នកទោសឧក្រិដ្ឋ ដោយមិនអនុញ្ញាតឲ្យអ្នកទោសផ្សេងៗទៀត ចូលសួរសុខទុក្ខឡើយ។ ដូច្នេះហើយ ទើបបានជារយៈពេលប្រហែលមួយខែក្រោយមក ទើបប៊ុណ្ណ ចន្ទម៉ុល ដឹងថា លោកគ្រូអាចារ្យ ហែម ចៀវ នួន ឌួង និងប៉ាច ឈឺន ត្រូវគេបញ្ជូនទៅដាក់គុកនៅទីនោះដែរ។

បន្តែបើទោះបីមិនមានលទ្ធភាពទៅជួប សួរសុខទុក្ខលោកទាំង៣ដោយផ្ទាល់ ក៏ពិតមែន ក៏ប៊ុណ្ណ ចន្ទ ម៉ុល បានដឹងសុខទុក្ខពីលោកទាំង៣តាមរយៈអ្នកទោសផ្សេងៗទៀតដែលគេបញ្ជូនទៅធ្វើការនៅទីនោះ ខ្លះៗដែរ ហើយប៊ុណ្ណ ចន្ទម៉ុល ក៏បានលួចផ្ញើម្ហូបចំណីបន្តិចបន្តូចទៅឲ្យលោកទាំង៣ ម្តងម្កាលដែរ ព្រោះប៊ូណ្ណ ចន្ទម៉ុល មានទោសស្រាលជាងលោកទាំង៣ ត្រូវគេបញ្ចេញឲ្យដើរធ្វើពាសពេញលើដីកោះទាំងមូល អាចរកសត្វព្រៃ ឬសត្វសមុទ្រមកធ្វើជាម្ហូបអាហារបានខ្លះដែរ។

អ្នកទោសវៀតណាម ដែលមានទោសឧក្រិដ្ឋ ត្រូវគេបញ្ជូនទៅដាក់គុក កោះត្រឡាចមុននេះទៅទៀតនោះ ភាគច្រើន គឺពួកមេដឹកនាំចលនាតស៊ូវៀតមិញ ដែលជាអ្នកប្រឆាំងនឹងបារាំងយ៉ាងប្តូរផ្តាច់បំផុត។ ក្នុងនោះមានតុង.ដុងថាំង និងផាំ វ៉ាន់ដុងព្រមទាំងអ្នកផ្សេងៗទៀត ដែលក្រោយមកបានឡើងជាមេដឹកនាំរបបសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ជាប់គុកនៅអគារលេខ៤នោះដែរ។ (មានត.ទៅទៀតនៅភាគទី៣៧)