បើករថយន្តឡង់គ្រឹះស័រសេរីទំនើបបុកគូថរថយន្តដឹកដើមជ្រៃនៅកៀនស្វាយ
ព័ត៌មាន
1.04K

កណ្តាលៈរថយន្តឡង់គ្រីស័រសេរីទំនើប១គ្រឿងបានរងនូវការខូចខាតផ្នែកខាងមុខផ្ទុះពោងសុវត្ថិភាព ដោយសារអ្នកបើកបរមិនប្រយ័ត្នបើកទៅបុកគូថរថយន្តដឹកដើមជ្រៃពេញទំហឹងកាលពីវេលាម៉ោង៧,២០នាទីយប់ថ្ងៃទី១០  ខែកក្កដា  ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២៣ ភូមិចិនកោះ  ឃុំគគីរ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល ។
      រថយន្តបង្កម៉ាកឡង់គ្រីស័រ  ពណ៍ស  សេរីឆ្នាំ២០១៦  ពាក់ស្លាកលេខ  ភ្នំពេញ 2AQ-1123 បើកបរដោយឈ្មោះណូ  សម្បុក  ភេទប្រុស  អាយុ៦០ឆ្នាំ ជាមន្ត្រីរាជការ  មានទីលំនៅសង្កាត់ទួលទំពូងទី១  ខណ្ឌចំការមន  ។
     ចំណែករថយន្តមួយគ្រឿងទៀតម៉ាកហ៉ីយ៉ាន់ដាយ ដឹកដើមជ្រៃសំពីងសំពោងពាក់ស្លាកលេខភ្នំពេញ3C-1092 ។
      លោកព្រំ  សំណាង អធិការរងនគរបាលស្រុកទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា  មុនពេលកើតហេតុរថយន្តទាំង២គ្រឿងបើកក្នុងទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញតែរថយន្តឡង់គ្រីស័របើកនៅខាងក្រោយ  ។  មកដល់ចំនុចកើតហេតុស្ថានភាពផ្លូវជាតិរលាក់ និងជាកន្លែងងងិតមួយផ្នែកទៀតអាកាសធាតុមានភ្លៀងធ្លាក់មើលផ្លូវស្ទើមិនឃើញ  គ្រានោះរថយន្តដឹកដើមជ្រៃបានបន្ថយល្បឿន  ចំណែករថយន្តឡង់គ្រីស័របើកមកពីក្រោយក្នុងល្បឿនលឿនមានបំណងបើកប្រជែងស្រាប់តែមានឧបសគ្គនៅខាងមុខ  ធ្វើអោយអ្នកបើកបរជាន់ហ្វ្រាំងអូសចម្ងាយជិត៥ម៉ែត្រទប់ល្បឿនមិនជាប់ក៍បុកគូថរថយន្តដឹកដើមជ្រៃពេញទំហឹងតែម្តងបណ្តាលអោយរថយន្តឡង់គ្រីស័រខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងផ្ទុះពោងសុវត្ថិភាពតែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះឡើយ ។
     លោកអធិការរងបានបន្តថា តាមការវាស់វែងនៅកន្លែងកើតហេតុករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយអ្នកបើកបររថយន្តឡង់គ្រីស័របើកលើសល្បឿនកំណត់ ។  បច្ចុប្បន្នរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕