រដ្ឋមន្រ្តីការបរទេសជប៉ុនបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែកនេះនាំមកជាមួយនូវជំនួយនិងកម្ចីជាង ១០០ លានដុល្លារ

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែកដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី ដោយនាំមកជាមួយជំនួយនិងកម្ចីជាង ១០០ លានដុល្លារ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី០៦ ខែ មេសា បានឲ្យដឹងថានៅថ្ងៃទី ០៨ ខែ មេសានេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តារ៉ូ កូណូ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោល ដៅពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសជប៉ុន និង កម្ពុជា។ជាមួយនោះរដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ នឹងនាំមកជាមួយជំនួយនិងកម្ចីជាង ១០០ លានដុល្លារដល់កម្ពុជាផងដែរ។

យោងសេចក្ដីប្រកាសព័ត៌មានដដែលខាងលើនេះដែរថា ក្នុងកំឡុងពេលទស្សនកិច្ចនេះលោក តារ៉ូ កូណូ ក៏នឹងជួបជាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថាយោងតាមតាមសេចក្ដីប្រកាសព័ត៌មានកម្ពុជានិងជប៉ុន ក៏នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និង កំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង(ជំនួយ)ក្នុងទឹកប្រាក់ប្រមាណជាង ៤លាន ៦សែន ដុល្លារ និងឥណទានសម្បទាន(កម្ចី) ដែលមានទឹកប្រាក់ប្រមាណជាង ៨៦ លានដុល្លារ ដល់ភាគីកម្ពុជា៕
ការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុននេះស្របពេលដែលព្រះមហាក្សត្រ ព្រះមរបនាថ នរោត្តម សីហមុនី យាងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន៤ថ្ងៃចាប់ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ដើម្បីចូលរួមពិធីសាសនា និងសម្ពោធសមិទ្ធផលមួយចំនួននៅទីនោះ៕