ឆ្ងល់ទេ!! ហេតុអ្វីក្រុមក្មេងខ្មែរមិនមានវត្តមានក្នុងបទចម្រៀងបុណ្យភូមិឆ្នាំនេះ?
កម្សាន្ត
8.06K

ភ្នំពេញ ៖ បទចម្រៀងបុណ្យភូមិដែលទទួលបានការគាំទ្រពីមហាជនជាច្រើននាពេលប៉ុន្មានឆ្នាំមកនេះ ឥលូវបទបុណ្យភូមិថ្មីចេញលើកទី៤ ដែលជាស្នាដៃរបស់ក្រុម Smallworld SmallBand ឆ្នាំ២០១៨កំពុងទទួលការចាប់អារម្មណ៍ខ្លាំងជាមួយចង្វាក់ថ្មី ស្ទាយថ្មី ក្នុង MV ដែលទើបនិងចេញជាផ្លូវការនាពេលថ្មីៗនេះប៉ុន្តែមិនមានវត្តមានក្រុមក្មេងខ្មែរចូលរួមច្រៀង។

លោក ម៉ម ពេជ្ររិទ្ធ សមាជិកក្រុមតូច Smallworld SmallBand បានផ្ដល់បទសម្ភាសន៍តាមរយៈទូរស័ព្ទអោយ TVFB ដឹងថា បទចម្រៀងបុណ្យភូមិថ្មីនេះគឺជាចង្វាក់ច្នៃថ្មីដែលលាយផ្សំជាមួយចង្វាក់កន្ត្រឹមនិងរាំវង់ ហើយបទចម្រៀងបុណ្យភូមិនេះក៏បានលាយបញ្ចូលជាមួយបទយីកេហោមរោងបុរាណខ្មែរយើងផងដែរ។

លោកបន្តថាពិធីបុណ្យភូមិគឺមានរយៈពេល៥ឆ្នាំមកហើយ ចំណែកបទបុណ្យភូមិគឺបានចេញចំនួន៤ផងដែរ ដោយលើកទី១គឺយើងបានលាយបញ្ចូលជាមួយរបាំត្រុត លើកទី២លាយបញ្ចូលជាមួយកន្តែរែ លើកទី៣លាយបញ្ចូលជាមួយរបាំខ្យងសាំកុកគ្រូ និងលើកទី៤ឆ្នាំ២០១៨នេះលាយជាមួយយីកេហោមរោង។ បទបុណ្យភូមិឆ្នាំ២០១៨នេះគឺមានការចូលរួមនិពន្ធដោយក្រុមចម្រៀង Smallworld SmallBand ក្រុមតូច និងលោកគ្រូ កែវ សិដា គាត់ជាគ្រូបង្រៀននៅសាលាធម្មតាមួយ ដែលគាត់មានចំណេះដឹងផ្នែកនិពន្ធក៏បានរួមសហការជាមួយ Smallworld SmallBand សរសេរបទចម្រៀងនេះឡើង។

ដោយឡែកបទចម្រៀងបុណ្យភូមិថ្មីឆ្នាំ២០១៨នេះគឺយើងសង្កេតឃើញថាមិនមានវត្តមានក្រុមក្មេងខ្មែរចូលរួមច្រៀងនោះទេ ដោយលោក ម៉ម ពេជ្ររិទ្ធ បានបញ្ជាក់ថាទំនាក់ទំនងរវាងក្រុមតូច Smallworld SmallBand គឺនៅតែល្អដដែលមិនមានបញ្ហាអ្វីនិងគ្នាជាមួយក្រុមក្មេងខ្មែរនោះទេដោយយើងមានក្រុម២ផ្សេងគ្នា ហើយក្រុមចម្រៀងក្មេងខ្មែរក៏បានចេញបទចម្រៀងមួយបទផងដែរមានចំណងជើងថា កំលោះទាំងបី ដើម្បីចូលរួមអបអរបុណ្យភូមិឆ្នាំថ្មី២០១៨នេះផងដែរ។ អត្ថបទ៖ មាស សុវណ្ណរតនា

ចង់ដឹងថាបទចម្រៀងបុណ្យភូមិថ្មីឆ្នាំ២០១៨ ពិរោះយ៉ាងណាសូមទស្សនាស្ដាប់ដូចតទៅ៖