ប្រទះឃើញសពជនរងគ្រោះលង់ទឹកស្លាប់ក្នុងទឹកអូរជម្រៅទឹកប្រហែល១.៣០ម៉ែត្រ 
ព័ត៌មាន
211

ខេត្តកណ្តាល៖ ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ឈ្មោះ ជា មោគ ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានជិះកង់ចេញពីផ្ទះម្នាក់ឯង ទៅដាក់មងនៅចំណុចអូរខ្ពប ក្រោយភូមិខាងត្បូងផ្លូវថ្មី ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ពេលទៅបាត់ជនរងគ្រោះយូរមិនឃើញត្រឡប់មកផ្ទះវិញ បងប្អូនប្រពន្ធ និងកូន មានការសង្ស័យបាននាំគ្នាទៅរកមើលឃើញខោអាវ ជនរងគ្រោះដាក់ទុកនៅក្បែរផ្លូវក៏នាំគ្នាដើររកជុំវិញតាមមាត់អូរ ហើយមិនឃើញជនរងគ្រោះ ក៏នាំគ្នាចុះរាវក្នុងទឹកអូរតាមប្រឡាយមង ប្រទះឃើញសពជនរងគ្រោះលង់ទឹកស្លាប់ក្នុងទឹកអូរជម្រៅទឹកប្រហែល១.៣០ម៉ែត្រ និងនាំសាកសពជនរងគ្រោះយកមកលំនៅដ្ឋាន ហើយរាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលសំពៅពូន ។ ក្រោយទទួលបានព័ត៌មាន ផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួមជាមួយអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ ផ្នែកជំនាញ និង ក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ពាក់ព័ន្ធករណីអ្វីផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ ប្រាកដមែន។ ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕