សម្តេចស ខេង ត្រូវបានផ្ទេរសិទ្ធិជា «នាយករដ្ឋមន្ត្រីស្តីទី»!
ព័ត៌មាន
9.38K

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមីនា សម្រេចផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ «ជានាយករដ្ឋមន្ត្រីស្តីទី» នៃរាជរដ្ឋាភិបាលកម្ពុជា ជំនួសសម្តេចតេជោ ហ៊ុន សែន ។

ការសម្រេចផ្ទេរសិទ្ធិនេះក៏ព្រោះតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់សម្តេចតេជោ អញ្ជើញវិលនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៦ ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «សមិទ្ធិផលរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនិងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព» ថ្នាក់ដឹកនាំនឹងអនុម័តជាផ្លូវការ ផែនការសកម្មភាពទីក្រុងហាណូយឆ្នាំ២០១៨-២០២២ និងក្របខណ្ឌវិនិយោគតំបន់២០២២ ក្នុងនោះផងដែរ សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលនឹងចេញផ្សាយផងដែរ ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨របស់ក្រសួងការបរទេស ។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ថ្នាក់ដឹកនាំ និងពិនិត្យសមិទ្ធិផលនាឆ្នាំកន្លងមកនៃគំនិតផ្តួចផ្តើមនានា ហើយនឹងកំណត់ទិសដៅអភិវឌ្ឍន៍នាពេលអនាគតក្នុងវិស័យសំខាន់ៗ រួមមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ។ ថ្នាក់ដឹកនាំនឹង អនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០៣០ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ៕