គណបក្សភ្លើងទៀនកំពុងពិចារណាក្នុងការចូលរួមបោះឆ្នោតនៅខែកក្កដាខាងមុខ
ព័ត៌មាន
2.81K

ភ្នំពេញ៖ គណបក្សភ្លើងទៀន ដែលមានឈ្មោះដើមថា គណបក្ស សម រង្ស៊ី កំពុងស្ទាក់ស្ទើរថាត្រូវចូលរួម ឬមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខ ដោយគណបក្សនេះ នៅរង់ចាំមើលស្ថានការណ៍បន្តិចទៀនសិន ទើបអាចសម្រេចចិត្តបាន។

នៅព្រឹកថ្ងៃទី៣0 ខែមីនា ឆ្នាំ២0១៨នេះ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅក្នុងពិធីបង្សុកូល ដើម្បីឧទ្ធិសកុសលជូនវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតដោយសារការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី៣0 ខែមីនា ឆ្នាំ១៩៩៧ ថា៖«បើលទ្ធិប្រជាធិបតេយ្យ នៅតែធ្លាក់ចុះរបៀបហ្នឹង យើងប្រហែលជាគណបក្សលោកមិនចូលរួមទេ។ លុះត្រាស្ថានភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ មានភាពទូលំទូលាយដូចពីមុន ទើបយើងគិតថា យើងនឹងចូលរួម»។

លោក ទាវ វណ្ណុល បញ្ជាក់ដោយចោទជាសំណួរថា តើការបើកចំហរលទ្ធិប្រជាធិតេយ្យ នៅក្នុងកម្ពុជា មានភាពទូលំទូលាយ ប៉ុនណា? ខណៈមានមតិអន្ដរជាតិមួយចំនួនបាននិយាយថា លទ្ធិប្រជាធិតេយ្យកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ។ លោកថា លុះត្រាតែលទ្ធិប្រជាធិតេយ្យកម្ពុជា មានភាព ទូលំទូលាយ ទើបគណបក្សគិតពិចារណាថា និងចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខ ។

គណបក្សភ្លើងទៀន ពីដើមមានឈ្មោះថា គណបក្សសម រង្ស៊ី ដែលបង្កើតឡើង ដោយលោក សម រង្ស៊ី ប៉ុន្តែក្រោយ មកបក្សនេះ បានប្តូរឈ្មោះមកជាគណបក្សភ្លើងទៀនវិញ ឲ្យស្របតាមច្បាប់ស្តីពីគណបក្ស នយោបាយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជានៅតែដើរលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងមក និងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នៅពេលខាងមុខ ក៍មានការចូលរួមពីគណបក្សនយោបាយនានាដែរ ៕