សេចក្ដីជូនដំណឹងចំពោះពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងធ្វើដំណើរមកលេងបុណ្យចូលឆ្នាំខ្មែរ
ព័ត៌មាន
2.6K

ប្រទេសថៃ៖ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចេញសេចក្ដីជូនដំណឹងថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ អាចធ្វើដំណើរមកលេងពិធីបុណ្យចូលឆ្នាំ ឬត្រឡ ប់ទៅវិញបាន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ ខែមេសា តែពួកគេត្រូវបំពេញបែបបទនៅស្ថាប័នផ្សេងគ្នាក្នុងប្រទេសថៃ។

សេចក្តីជូនដំណឹងរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចុះ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នេះបានបញ្ជាក់ថា អំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ពលករដែលកាន់ប័ណ្ណមិនមែន សញ្ជាតិថៃ(ប័ណ្ណពណ៌ស៊ីជម្ពូ) នៅមានសុពលភាព លិខិតឆ្លងដែន លិខិតធ្វើដំណើរសម្រាប់ ការងារ(TD) និងប័ណ្ណអនុញ្ញាតការងារនៅមានសុពលភាព ព្រមទាំងអ្នកនៅក្នុងបន្ទុកអាចធ្វើ ដំណើរចេញចូលបាន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ ខែមេសា។

សេចក្តីជូនដំណឹងឲ្យដឹងទៀតថា ចំពោះពលករដែលកាន់ប័ណ្ណពណ៌ស៊ីជម្ពូ ត្រូវទៅស្នើសុំលិខិតអនុញ្ញាតពីមន្ទីរការងារថៃក្នុងខេត្តដែលខ្លួនធ្វើការ។
ដោយឡែក អ្នកកាន់លិខិតឆ្លងដែនលិខិតធ្វើដំណើរ ( TD ) ត្រូវទៅស្នើសុំទិដ្ឋាការចេញចូល នៅការិយាល័យអន្តោប្រវេសន៍ក្នុងខេត្តដែលខ្លួនធ្វើការ ឬនៅច្រកព្រំដែនអន្តរជាតិ ដោយពុំមានបង់ប្រាក់។ពលករទាំងអស់ត្រូវឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ ហើយថា ប្រសិនពួកគេត្រឡប់មកកម្ពុជា តាមច្រកណា ពេលទៅថៃវិញ ត្រូវទៅតាមច្រកនោះដដែល៕