អ្នកស្រី ប៊ូ រចនា ភរិយា លោក កែម ឡី ប្រកាសមិនចូលខ្លួនតាមដីកាកោះរបស់សាលាឧទ្ធរណ៍
ព័ត៌មាន
3.43K

ភ្នំពេញ៖ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បានចេញដីកាកោះហៅ អ្នកស្រី ប៊ូ រចនា ភរិយាលោកកែម ឡី ដើម្បីឲ្យចូលរួមក្នុងអង្គសវនាការជំនុំជម្រះជនជាប់ចោទ ជួប សម្លាប់ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែមេសាខាងមុខ ប៉ុន្តែអ្នកស្រី បដិសេធថា មិនចូលខ្លួនតាមដីកាកោះរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី៣ ខែមេសា ខាងមុខនេះទេ។

នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៨ អ្នកស្រី ប៊ូ រចនា ភរិយា លោក កែម ឡី បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រីដោយភ្ជាប់ជាមួយដីកាកោះ និងរូបថតជុំគ្រួសារថា អ្នកស្រី បានឃើញដីកាកោះហៅឲ្យចូលខ្លួន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះហើយ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា តាំងពីប្តី អ្នកស្រី ត្រូវបានឃាតកបាញ់សម្លាប់ រហូតមកដល់ពេលនេះ មានរយៈពេលជិត ២ឆ្នាំហើយ អ្នកស្រី មិនដែលគិតថា ទៅប្ដឹងសមត្ថកិច្ចទេដោយសារ លោកស្រី ដឹងច្បាស់ហើយថា តុលាការ ក្រុងភ្នំពេញ គ្មានសមត្ថភាពចាប់ឃាតកពិត និងរកយុត្តិធម៌ឲ្យបានឡើយ។

នៅក្នុងដីកាកោះចុះថ្ងៃទី១៤ ខែមីនា ព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា បង្គាប់ឲ្យអ្នកស្រី ប៊ូ រចនា ចូលខ្លួនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី៣ ខែមេសា វេលាម៉ោង២រសៀល ជាកំណត់ ដើម្បីចូលរួមក្នុងការជំនុំជម្រះលើជនជាប់ចោទឈ្មោះ ជួប សម្លាប់។
លោក កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៩ ព្រឹក នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ៕