នាយ វីតាមីនសេ៖ ប្រវត្តិតស៊ូ និង ដើមចមក្លាយជាអ្នកសិល្បៈ
ព័ត៌មាន
3.47K

ភ្នំពេញ៖ នៅអំឡុងឆ្នាំ ១៩៥៨ កុមារា សាមឿន បានកំព្រាឪពុកតាំងពីនៅវ័យ ១០ ឆ្នាំ។ ឪពុករបស់ សាមឿន បានស្លាប់ដោយសារជំងឺ។ ក្រោយឪពុកស្លាប់កុមារារូបនេះ បានចាកចេញពីស្រុកកំណើត ទៅរស់នៅ ក្នុង ឃុំ កំពង់ទ្រាស ស្រុក ក្រូចឆ្មារ ខេត្ត កំពង់ចាម ដែលជាស្រុកកំណើតម្ដាយរបស់ សាមឿន។ ដោយសារតែគ្រួសារមានជីវភាពលំបាកពេក ហើយគួបផ្សំ កុមារា សាមឿន មាននិស្ស័យផ្នែកសិល្បៈផង វ័យ ១៣ ឆ្នាំ បានសុំម្ដាយចូលលេងល្ខោនបាសាក់ ក្នុងវង់ល្ខោន «តាអូក្លូញ» ស្ថិតក្នុងស្រុករបស់សាមឿន។

យ៉ាងណាមិញ អាជីពជាអ្នកសិល្បៈ ម្តាយរបស់កុមារា សាមឿន ហាក់មិនពេញចិត្តពេញថ្លើមឡើយ ប៉ុន្តែលោកនៅតែបន្ត ព្រោះចិត្តស្រលាញ់។នៅក្នុងវង់ល្ខោន “តាអូក្លូញ” ដំបូងឡើយ សាមឿន ធ្វើជាអ្នកវាយស្គរ វាយឈឹង ជាដើម។ ក្រោយមក សាមឿន ក៏បានប្ដូរវង់ល្ខោន “តាអូក្លូញ” មកចូលលេងក្នុងវង់ល្ខោន “អ្នកទម្លាប់” ប៉ុន្ដែ នៅក្នុងវង់នេះមិនបានយូរប៉ុន្មាន មួយឆ្នាំក្រោយមក សាមឿន បានផ្លាស់មកលេងក្នុងវង់ល្ខោន “ថីឌុល” ក្នុងទឹកដីខេត្តបាត់ដំបង ក្រោយមកទៀតលោកក៏មានឱកាសចូលមកលេងក្នុង វង់ល្ខោន “បាក់ស្រេង” នៅឯក្រុងភ្នំពេញ។

លុះឈានដល់របប លន់ នល់ និងរបប ប៉ុល ពត លោកក៏បង្ខំចិត្តត្រូវផ្អាកពីសិល្បៈ ព្រោះតែសង្គ្រាមស៊ីវិល។ ក្រោយបែក ប៉ុល ពត លោក សាមឿន បានចូលវង់ល្ខោនឈ្មោះថា ” ក្រុមសិល្បៈមហាជន ” នៅក្ដុលដូនទាវ ខេត្ត បាត់ដំបង។ នៅចុងឆ្នាំ ១៩៨៩ លោកបានមកភ្នំពេញ ដោយធ្វើការជាអ្នកនិពន្ធរឿង និង ជាតារាសម្ដែងឲ្យផលិតកម្មមួយ នៅក្រុងភ្នំពេញ។

ក្រោយមកលោកក៏បានស្គាល់អ្នកកំប្លែងជាច្រើនផ្សេងទៀតដូចជា នាយ ជ្រុញ, នាយ កុយ, នាយក្រឹម, សានម៉ៅ, នាយហើម, នាយម្ទេសប្លោក និង តួជាច្រើនទៀត រួចហើយក៏មានឱកាសចូលលេងកំប្លែងជាមួយគ្នាតែម្ដង។