បាបកម្ម ! ជនសង្ស័យឆក់ទូរស័ព្ទដៃបានសម្រេច ជនរងគ្រោះដេញតាមចាប់បានមកវិញ
ព័ត៌មាន
11.9K

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ឆក់ទូរស័ព្ទដៃ ប្រព្រឹត្តកាលពី វេលាម៉ោងប្រហែល ១៩:០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ២០៥ ផ្លូវ លេខ១៨២ ក្រុម ទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្តាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ លេខ៦០៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ កង វិសាលពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ ១៨ ផ្លូវលេខ K៤A សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ កង វិសាលពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន បានហៅម៉ូតូរ៉ឺម៉កកង់បី ជិះចេញពីបង្រៀនសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ពេលជិះនៅលើរ៉ឺម៉កម៉ូតូកង់បីនោះ ជនរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនមកស្ដាប់កាស្សចំរៀងនៅត្រជៀក លុះពេលជនរងគ្រោះជិះមកដល់ចំណុចមុខផ្ទះលេខ២០៥ ផ្លូវ លេខ១៨២ ក្រុមទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ស្រាប់តែមានជនសង្ស័យ ឈ្មោះ មាស កុសល ហៅ ស្ដាស់ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-2460 មកពីក្រោយខាងស្ដាំដៃរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយជិះគេចខ្លួន។ ភ្លាមៗនោះជនរងគ្រោះ និងអ្នករត់រ៉ឺម៉កម៉ូតូកង់បីបានជិះដេញតាមពីក្រោយជនសង្ស័យនិងស្រែកថាចោរៗ ក៏ត្រូវបានប្រជាពលរដ្ឋនៅតាមផ្លូវ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋានអន្តរាគមន៍ឃាត់ខ្លួនបាន និងវត្ថុតាង ទូរស័ព្ទរបស់ជនរងគ្រោះ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមទាំងត្ថុតាងមាន៖-ទូរស័ព្ទមួយគ្រឿងម៉ាក I phone 7 Plus ពណ៌ខ្មៅ ប្រើស៊ីមលេខ 017 651393 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ) ។-ម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1GX-2460 ដែលមានលេខតួ និងលេខ ម៉ាស៊ីន : 5185025 , កាបូបស្ពាយពណ៌ខ្មៅមួយក្នុងនោះមានទូរស័ព្ទចំនួន០២គ្រឿងម៉ាក Oppo ពណ៌ទឹកមាសមួយគ្រឿង និងមួយគ្រឿងទៀតម៉ាក Nokia ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ ) ។

ជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្ដាស់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕