សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ នៅប្រទេសវៀតណាម
ព័ត៌មាន
921

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមfacebookផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេច បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “សមិទ្ធផលរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព”។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់នឹងអនុម័តជាផ្លូវការនូវផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨–២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២ ហើយក៏មានសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នឹងអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គផងដែរ។

ថ្នាក់ដឹកនាំប្រទេសទាំង៣ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០៣០ ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។

ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា-ឡាវ-វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់់ ។

តាមរយៈបណ្ដាញសង្គមfacebookដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា៖ នៅពេលនេះ ខ្ញុំកំពុងចេញដំណើរទៅប្រទេសវៀតណាម ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ស្របជាមួយកិច្ចប្រជុំកំពូលជាមួយប្រទេស៣គឺ កម្ពុជា, ឡាវ, និងវៀតណាមលើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣០- ៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ខ្ញុំសប្បាយរីករាយក្នុងការទៅចូលរួមក្នុងកិច្ចប្រជុំកំពូលទាំង២នេះ ជាពិសេស គឺដើម្បីកម្ពុជាកាន់តែមានឱកាសរឹតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំជាមួយប្រទេស និងថ្នាក់ដឹកនាំនៃប្រទេសតំបន់ត្រីកោណ។ តាមរយៈកិច្ចប្រជុំកំពូលនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា,ឡាវ, វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕