សមត្ថកិច្ចរកឃើញ មាជ សុវណ្ណារ៉ា លួចច្នៃប្រព័ន្ធទូរទស្សន៍ អាចនិយាយតាមប្រព័ន្ធ online ទៅខាងក្រៅ
ព័ត៌មាន
12.8K

ភ្នំពេញ៖ ពីរបីថ្ងៃប៉ុណ្ណោះ ក្រោយពីសម្ដេច ហ៊ុន សែន បញ្ជាឲ្យពួកប៉ូលិសដកទូរស័ព្ទពីលោកមាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនាគារព្រៃស មក អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានសមត្ថកិច្ចរកឃើញមានកំហុសថ្មីមួយទៀតពាក់ព័ន្ធនឹងករណីលួចច្នៃប្រព័ន្ធទូរទស្សន៍ដែលអាចនិយាយតាមប្រព័ន្ធ online ទៅខាងក្រៅ ដែលជាសកម្មភាពមួយអាចប្រឈមនឹងផ្លូវច្បាប់បន្ថែមទៀត។

លោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងកាលពីម្សិលមិញថា នៅពេលស្រាវជ្រាវទៅ វាមិនមែនជាការប្រើទូរស័ព្ទតាមធម្មតានោះទេ ប៉ុន្តែជាការលួចប្រើបច្ចេកទេសដោយបានភ្ជាប់គ្នាជាមួយទូរទស្សន៍ដើម្បីនិយាយចេញខាងក្រៅ។មាជ សុវណ្ណារ៉ា បានលួចកែច្នៃទូរទស្សន៍ ដោយសារនៅពន្ធនាគារយើងដាក់ទូរទស្សន៍ឲ្យជនជាប់ឃុំមើល។ គាត់ចេះបច្ចេកទេស និងច្នៃទូរទស្សន៍អាចយកទៅនិយាយដូចប្រព័ន្ធអ៊ីនធឺណិត។ តាមលទ្ធផលស្រាវជ្រាវ វាមិនមែនជាទូរស័ព្ទ...ហើយពុំមានការឃុបឃិតនាំទូរស័ព្ទចូលទេ។ គាត់បានច្នៃប្រព័ន្ធទូរទស្សន៍និយាយតាមប្រព័ន្ធ online ទៅក្រៅ។

យើងមិនដឹងថាគាត់បានភ្ជាប់វាតាមរបៀបណានោះទេ ។យើងរកឃើញ ហើយបានដកហូតទូរទស្សន៍នោះ និងបានចាត់វិធានការជំនាញរបស់យើងតាមនីតិវិធី ហើយនិងវិធានការបំបែកបន្ទប់របស់ជំនាញ ហើយគេបានចាត់វិធានការរួចរាល់ហើយ ។លោក សន កែវ បញ្ជាក់ថា មាជ សុវណ្ណារ៉ា ត្រូវប្រឈមមុខនឹងការដាក់ទោសបន្ថែមទៅតាមបទបញ្ជាផ្ទៃក្នុង និងច្បាប់ទាក់ទងនឹងពន្ធនាគារ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីទម្ងន់ទោសបន្ថែមនោះទេ។

លោក ឃៀង ឡាយ ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានថ្លែងកាលពីម្សិលមិញដែរថា៖ “យើងបានរកឃើញ មាជ សុវណ្ណារ៉ា មិនមែនប្រើទូរស័ព្ទទេ។ គាត់មានបច្ចេកទេសម្យ៉ាងដែលភ្ជាប់ជាមួយទូរទស្សន៍។ ឥឡូវនេះយើងកំពុងបញ្ជូនទូរទស្សន៍ទៅឲ្យខាងប្រឆាំងព័ត៌មានវិទ្យាដើម្បីពិនិត្យមើលថា តើការប្រើប្រាស់របស់គាត់នេះ...ប្រើទៅកន្លែងណាខ្លះ? មើលទៅជារូបទូរទស្សន៍ធម្មតា...តែយើងឃើញខ្សែចម្លែកចេញមក។វាមិនមែនជាទូរស័ព្ទទេ ប៉ុន្តែគេអាចប្រើវាបាន។ វាអាចទាក់ទងគ្នាបានដូចទូរស័ព្ទ...។ គាត់អាចប្រើវាតាមប្រព័ន្ធអង់តែនទូរទស្សន៍តែម្តង។ នេះជាការស្មាន ពីព្រោះយើងរកមិនឃើញអ្វីដែលភ្ជាប់ក្រៅពីអង់តែនទូរទស្សន៍នោះទេ”។

ថ្លែងពីពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ ថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា៖ «ឥឡូវខ្ញុំបញ្ជាឲ្យពួកប៉ូលិសដកទូរស័ព្ទពី មាជ សុវណ្ណារ៉ា ចេញភ្លាម ហេតុអ្វីបានជាឲ្យមាជ សុវណ្ណារ៉ា និយាយទូរស័ព្ទរាល់ថ្ងៃ។ តើប៉ូលិសយើងនៅគុកព្រៃសវាយ៉ាងម៉េច។ ប៉ូលិសធ្វើភ្លាម»។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសួរទៅ លោក ឆាយ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថា៖ « ខ្លួនឯង (ឆាយ ស៊ីណារិទ្ធ) ជាអ្នក បញ្ជូនព័ត៌មាននោះមកឲ្យខ្ញុំ ហេតុអ្វីបានជាទុកឲ្យអា មាជ សុវណ្ណារ៉ា នៅនិយាយទូរស័ព្ទរាល់ថ្ងៃ។

ឆាប់ទៅដកភ្លាម ទៅដកពី អា មាជ សុវណ្ណារ៉ា ១ ម៉ោងទៀតដកចេញឲ្យបាន។ ឥឡូវនាយករដ្ឋមន្ត្រីបញ្ជាឲ្យដកភ្លាមហើយទៅឆែកមើលទៅតើវាមានអ្វីខ្លះ ហើយវាបានទាក់ទងនរណាខ្លះ។ គេធ្វើដល់នាយករដ្ឋមន្ត្រីរឿងអីគេមិនដឹងរឿងអីចឹងៗ គ្រាន់តែគេមិនមាត់ ហើយជួនកាលគេប្រឡាយខ្សែរឲ្យវែងដើម្បីចាប់ត្រីធំ មើលតើអាប៉ូលិសណាដែលយកទូរស័ព្ទទៅ ឲ្យវាហ្នឹង »។ជាមួយគ្នានោះ សម្ដេចបានព្រមានដកមេប៉ូលីស និងមេគុកចោល ប្រសិនបើគ្រប់គ្រងមិនបាន បណ្តោយឲ្យមាជ សុណ្ណារ៉ា និយាយទូរស័ព្ទបែបនេះផងដែរ៕