រន្ធត់! ស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីត្រូវ​រថយន្តបើកបរមិនប្រុង​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពេញទំហឹងដែល​កំពុងជិះ​ស្រប​ទិស​គ្នា
ព័ត៌មាន
4.46K

បុរស​ម្នាក់​ស្លាប់ ម្នាក់ទៀត​របួសធ្ងន់ បន្ទាប់ពី​អ្នកបើករថយន្ត​ហ៊ីយ៉ាន់ដាយ មិន​ប្រយ័ត្ន​បើកបរ​ជែង គេ​ជែង​ឯង ពេញ​ផ្លូវ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​កំពុង ជិះ​ស្រប​ទិស​គ្នា

ខេត្តកណ្តាល៖ បុរស​ម្នាក់​ស្លាប់ ម្នាក់ទៀត​របួសធ្ងន់ បន្ទាប់ពី​អ្នកបើករថយន្ត​ហ៊ីយ៉ាន់ដាយ មិន​ប្រយ័ត្ន​បើកបរ​ជែង គេ​ជែង​ឯង ពេញ​ផ្លូវ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​កំពុង ជិះ​ស្រប​ទិស​គ្នា លើផ្លូវ​ជាតិ​លេខ៦ចន្លោះ​គីឡូម៉ែត្រ លេខ៣៤-៣៥ ចំណុច​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃ២៨ ខែ​មិនា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជន​រងគ្រោះ​ឈ្មោះ ឈួន វី ភេទ​ប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ធំ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ  ចំណែកអ្នករួមដំណើរ​ជាមួយ​ឈ្មោះ ប៉ុក ខន ភេទ​ប្រុស អាយុ៣៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ។

មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង ពាក់​ផ្លាកលេខ បន្ទាយមានជ័យ​៣A០៥៩១ បើកបរ​ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង​បើកបរ​ក្នុង​ល្បឿន​លឿន និង​មិន​ប្រុងប្រយ័ត្ន​ជែង​ពេញ​ផ្លូវ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ 1GU 0119 ស៊េរី​ឆ្នាំ២០១៨ ដែលកំពុង​បើកបរដោយបុរស២នាក់ ​ស្រប​ទិស​គ្នា បណ្តាល អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​គេចខ្លួន​បាត់ស្រមោល ៕