កូនប្រុសជើងល្អ ការងារមិនរកធ្វើ គិតតែពីផឹកសីុ ដល់លឺម្តាយក្មេករអ៊ូ វាយម្តាយក្មេក ដល់សមត្ថកិច្ចមកជួយឃាត់ ដេញវ៉ៃទាំងសមត្ថកិច្ចទៀត
ព័ត៌មាន
4.26K

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌ​ពោធិ៍សែនជ័យ ឡែមព័ទ្ធចាប់ខ្លួន បុរសម្នាក់ ដែលបង្កហឹង្សាវាយទៅលើម្តាយក្មេកចាស់ជរាទ្រោមខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរគមន៍​ភ្លាមៗ ជួយឃាត់ តែមិនស្តាប់ បែរជាទាញកៅអីរត់ដេញវ៉ៃសមត្ថកិច្ចវិញ កាលពីរសៀលថ្ងៃទី​២៨ ខែមិនា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

សមត្ថកិច្ចបានអោយដឹងថា ៖ បុរសដែលបង្កហឹង្សាក្នុងគ្រួសារវាយទៅលើម្តាយក្មេកខាងលើ មានឈ្មោះថា . ឌឹត ដូរ៉េ​ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន បច្ចុប្បន្នស្នាក់នៅជាមួយម្តាយក្មេកក្នុងភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ខេត្ត តាកែវ ។

រីឯម្តាយក្មេកជាស្ត្រីរងគ្រោះមានឈ្មោះថា. សំ ដាវួច អាយុ៨២ឆ្នាំចាស់ជរា ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ៖ មុនកើតហេតុ ម្តាយក្មេក ត្រូវជា(​ជនរងគ្រោះ ) បានទៅរអ៊ូនឹងស្តីប្រដៅអោយជនបង្ក ត្រូវជាកូនប្រសារ ខាងលើ ព្រោះឃើញកូនប្រសារ គិតតែពីរឿង​ផឹកស្រាស្រវឹងរាល់ថ្ងៃ មិនព្រមគិតរកការងារអីធ្វើសោះ ទើបបណ្តោយអោយកូន​ប្រសារ​ជើងល្អរូបនោះខឹងសម្បា ណាមួយស្រវឹងទៀតផង ក៏វាយម៉ែក្មេកតែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ជួយឃាត់ ប៉ុន្តែបែរជាបុរសខាងលើនោះ ចិត្តខ្លាំង ទាញកៅអីរត់ដេញវ៉ៃសមត្ថកិច្ចវិញ ក៏ត្រូវសមត្ថកិច្ចឡែមព័ទ្ធចាប់ខ្លួនភ្លាមៗតែម្តង ។

ក្រោយចាប់ឃាត់ខ្លួនបុរសបង្កហេតុរួច យោងតាមបណ្តឹងរបស់ ម្តាយក្មេកត្រូវជាជនរងគ្រោះ បានអោយសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ៕