មន្រ្តីជំនាញថា ការនាំស្រូវអង្ករចេញក្រៅផ្លូវការច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច
ព័ត៌មាន
894

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO)បានឲ្យដឹងថា ឆ្នាំ២០១៨នេះការនាំចេញមិនផ្លូវការ ឆ្លងកាត់តាមព្រំដែននឹងមានបរិមាណសរុប ៦០ ម៉ឺនតោន ខណៈការនាំចេញផ្លូវការនឹងកើនឡើងដល់ ៧៥ ម៉ឺនតោន។ មន្រ្តីជំនាញផ្នែកសេដ្ឋកិច្ចចាត់ទុកការនាំចេញក្រៅផ្លូវការច្រើនលើសលប់បែបនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

លោកស្រី Shirley A. Mustafa D សេដ្ឋវិទូផ្នែកពាណិជ្ជកម្ម និងមន្រ្តីទីផ្សាររបស់អង្គការ FAO បានឲ្យដឹងថា៖ «យើងពិចារណាពីកត្តាប្រែប្រួលនៅពេលយើងបែងចែកការព្យាករពីការជួញដូរអង្កររបស់យើងរួមមានចក្ខុវិស័យផ្គត់ផ្គង់ និងតម្រូវការ ការបង្កើតគោលនយោបាយ និងតម្លៃក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក»។

យោងតាមការប្រកាសជាវិជ្ជមានពីប្រមូលផលឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន យើងព្យាករថាកម្ពុជានឹងពឹងផ្អែកលើផលលើសក្នុងការនាំចេញក្នុងឆ្នាំ ២០១៨ នេះ ហើយ
ថាការបង្កើនបរិមាណទិញអង្កររបស់រដ្ឋាភិបាលចិន រហូតដល់ទៅ៣០ ម៉ឺនតោន ពីប្រទេសកម្ពុជានាពេលថ្មីៗនេះ អាចនឹងជំរុញកំណើននាំចេញអង្ករនេះ»។

មន្រ្តីក្រសួងកសិកម្មបានឲ្យដឹងថាដោយសារការនាំចេញផ្លូវការបានប្រឈមនឹងបញ្ហាជាច្រើន វាបានផ្តល់ឱកាសដល់ការនាំចេញអង្ករមិនផ្លូវការ។
ដូច្នេះអង្ករ និងស្រូវរបស់កសិករយើងត្រូវលក់ទៅឲ្យក្រុមឈ្មួញតាមព្រំដែន មិនផ្លូវការ ដោយសារកង្វះហិរញ្ញវត្ថុ ការរក្សាទុក និងឃ្លាំងស្តុកស្រូវ។តែទោះបីជាយើងដឹងថា វាមិនចំណេញដល់រដ្ឋក្តី តែយើងមិនអាចរារាំងការនាំចេញអង្ករមិនផ្លូវការនេះបានទេ ដោយសារវានឹងប៉ះពាល់ដល់ជីវភាពកសិករយើង។

មន្រ្តីក្រសួងកសិកម្មដដែលបានឲ្យដឹងនប្តថា យោងតាមទិន្នន័យដែលទទួលបានពីក្រសួងកសិកម្មកម្ពុជាមានផលស្រូវលើស ៥ លានតោន តែជាក់ស្តែងកម្ពុជាពុំមានសមត្ថភាពរក្សាទុកផលស្រូវលើសនេះបានទេ។

ដូច្នេះបន្ទាប់ពីប្រមូលផលរួច អង្ករ និងស្រូវរបស់យើងត្រូវហូរទៅកាន់ប្រទេសជិតខាង ហើយថា ឆ្នាំនេះ កម្ពុជាអាចនាំចេញអង្ករ ចំនួនជាង ៧០ ម៉ឺនតោន ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា យល់ស្របចំពោះទិន្នន័យរបស់អង្គការ FAO ហើយថាសមត្ថភាពរក្សាទុកស្រូវរបស់កម្ពុជានៅមានកម្រិតនៅឡើយ ហើយថា
វាពិបាកនឹងគ្រប់គ្រងដោយសារយើងមានប៉ុស្តិ៍ត្រួតពិនិត្យច្រើននៅតាមព្រំដែន។

តែជាយ៉ាងនេះក្តីការនាំចេញអង្ករមិនផ្លូវការក៏ជាកត្តាវិជ្ជមានផងដែរចំពោះកសិករដោយសារពួកគាត់អាចទទួលបានប្រាក់ចំណូលសម្រាប់ការដាំដុះស្រូវលើកក្រោយទៀត តែកត្តាអវិជ្ជមានផ្សេងទៀត គឺយើងពិបាកនឹងសម្រេចបានគោលដៅនាំចេញ ១ លានតោន តាមគោលដៅរបស់រដ្ឋាភិបាល»។

ទោះបីយ៉ាងនេះក្តីអ្នកជំនាញផ្នែកសេដ្ឋកិច្ចចាត់ទុកការនាំចេញក្រៅផ្លូវការច្រើនលើសលប់វានឹងធ្វើឲ្យខូចខាតដល់កំណើនសេដ្ឋកិច្ច។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន Emerging markets បាននិយាយថា រដ្ឋាភិបាលគួរតែចាត់វិធានការដើម្បីកាត់បន្ថយការនាំចេញក្រៅផ្លូវការនេះ ព្រោះ ការនាំចេញក្រៅផ្លូវការធំជាងនាំចេញផ្លូវការ វានឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជានិងបាត់បង់អត្ថប្រយោជន៍ដូចជាចំណូលពីការនាំចេញ ឱកាសការងារតម្លៃបន្ថែម កេរ្តិ៍ឈ្មោះទីផ្សារ និងឱកាសជាមួយអ្នកបញ្ជាទិញចុងក្រោយ ផងដែរ ៕