យុវជនម្នាក់លួចគាស់ផ្ទះអ្នកគ្រូបង្រៀននៅវិទ្យាល័យបាក់ទូកម្នាក់ ត្រូវប្រជាពលរដ្ឋអ្នកជិតខាងនាំគ្នាដេញតាមចាប់ខ្លួនបានត្រង់ចំណុចផ្លូវទាល់
ព័ត៌មាន
2.11K

ភ្នំពេញ៖ យុវជនម្នាក់លួចគាស់ផ្ទះអ្នកគ្រូបង្រៀននៅវិទ្យាល័យបាក់ទូកម្នាក់ ទាំងកណ្តាលថ្ងៃ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានជនរងគ្រោះជាអ្នកគ្រូបង្រៀននៅវិទ្យាល័យ​បាក់ទូកម្នាក់ រួមនិងប្រជាពលរដ្ឋអ្នកជិតខាង នាំគ្នាដេញតាមចាប់ខ្លួនបានត្រង់ចំណុចផ្លូវទាល់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៥៣ ផ្លូវបេតុងលេខ៥៥BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ សុុខ ពៅ ភេទប្រុស ​អាយុ២៨ឆ្នាំ ស្នាក់នៅខាងក្រោយផ្សារបឹងទំពុន ក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ទេព ឆវី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរជាគ្រូបង្រៀន​នៅវិទ្យាល័យបាក់ទូក។

ប្រភពបានឲ្យដឹថាមុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោផ្ទះត្រឹមត្រូវ រួចចេញទៅបង្រៀនសិស្សដូចសព្វដង លុះដល់ម៉ោង​កើតហេតុ ជនរងគ្រោះបានចេញពីបង្រៀនសិស្សវិញ​ដោយបានត្រឡប់មកដល់ផ្ទះ ស្រាប់តែឃើញទ្វារផ្ទះរបើក រួចឃើញជនសង្ស័យម្នាក់ដើរកាន់ប្រអប់សោ និងលេបថប របស់គាត់ចេញមក​ខាងក្រៅ វ៉ាក់អឺជាមួយគាត់​មកទាន់ ក៏បានសួរទៅជនសង្ស័យថា ចង់យករបស់គាត់ទៅណា ស្រាប់តែជនសង្ស័យ​បានប្រើល្បិចថា ពូឲ្យមកយក រួចព្យាយាមដើរគេចចេញពីជនរងគ្រោះ ទើបជនរងគ្រោះស្រែកឆោឡោថាចោរៗផ្អើល​ប្រជាពលរដ្ឋអ្នកជិតខាង នាំគ្នាជួយដេញតាមជនសង្ស័យ​រហូតធ្វើឲ្យជនសង្ស័យរត់គេចមកដល់ផ្លូវទាល់ ទើបចាប់ខ្លួនបានតែម្តង។

តាមការសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួននឹងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន ពិតជាបានធ្វើ​សកម្មភាព​​លួចគាស់ផ្ទះជនរងគ្រោះលួចយកលេបថបពិតមែន ។​ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន លេបថប១គ្រឿងម៉ាកDell(ជារបស់ជនរងគ្រោះ) ,កូនសោចំនួន១ប្រអប់ និងដែកស្រួចជាប់ហោប៉ៅជនសង្ស័យចំនួន១។

ក្រោយពេលកើតហេតុ ដោយសារតែជនរងគ្រោះមានព្រហ្មវិហារធម៌ មិនបានដាក់ពាក្យបណ្តឹងនោះទេ សុំត្រឹមឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរូបនេះទៅកាន់សង្គមកិច្ចដើម្បីអប់រំខ្លួនឲ្យក្លាយខ្លួនជា​មនុស្សល្អឡើងវិញតែប៉ុណ្ណោះ៕