កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល បានបង្ក្រាបករណីទទួលផលចោរកម្មពីក្រុមចោរប្លន់ រកឃើញស្លាកលេខ និងកូនសោរថយន្តជាច្រើន
ព័ត៌មាន
9.79K

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការខេត្តកណ្តាល បានបើកប្រតិបត្តិការចុះទៅឆែកឆេរផ្ទះចំនួន២កន្លែង នៅចំណុចភូមិបូរីកម្មករសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសង្ស័យទទួលផលចោរកម្មពីក្រុមចោរប្លន់។

ផ្ទះម្ចាស់ឈ្មោះ ឌី បណ្ដូល ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ។ ពេលឆែកឆេរនៅផ្ទះទី១នោះ កម្លាំងអាវុធហត្ថបានរកឃើញស្លាកលេខម៉ូតូចំនួន៤៤ស្លាក ក្នុងនោះស្លាកលេខរថយន្តមួយស្លាក និងកូនសោម៉ូតូមួយចំនួន។ ផ្ទះទីពីរ រកឃើញស្លាកលេខម៉ូតូចំនួនចំនួន១៦ស្លាក ក្នុងនោះស្លាកលេខ(ខម)ចំនួនមួយស្លាក។

លោកមេបញ្ជាការបានបន្តថា កម្លាំងក៏បានឃាត់ខ្លួនមុខសញ្ញាសង្សយ័ចំនួនម្នាក់ឈ្មោះ ហេង ភក្ដី ហៅ(ម៉ាប់) ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានមុខរបរជាងធ្វើសោម៉ូតូ។ វត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅខេត្តកណ្ដាល ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕