ចោរប្លន់ប្រដាប់អាវុធ ដែលប្លន់នៅផ្លូវទំនប់កប់ស្រូវទាំង៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានហើយ
ព័ត៌មាន
16022

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ចោរទាំង៦នាក់ ដែលបានធ្វើសកម្មភាពប្លន់នៅទំនប់កប់ស្រូវកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានអស់ហើយ។ គួររំលឹកថា នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពីបទ​ប្លន់ប្រដាប់អាវុធ។

ការបង្ក្រាបនេះធ្វើឡើងនៅផ្ទះលក់ប្រេង តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ស៊ុន ខេន ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិ សំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ បច្ចុប្បន្ន រស់នៅផ្ទះជួលភូមិ ទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ថោង គីរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអាវុធហត្ថ (បន្ទាយឡុងឈិន) និងប្រពន្ធឈ្មោះ សេក ចិន្តា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ប្រេង​ រស់នៅកន្លែងកើតហេតុភូមិ ត្រពាំងពោធិ៍ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការបង្ក្រាបនោះ សមត្ថកិច្ចបានចាប់យករួមមាន៖ កាំភ្លើងវែងម៉ាកAK៤៧ ស្វាយកាត់០១ដើម បង់ចំនួន០១មានគ្រាប់ចំនួន០៨ និងទូរស័ព្ទចំនួន០២គ្រឿង៕