របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥
ប្រវត្តិសាស្ត្រ
3.06K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)

ផ្ទះរបស់សាឡុត ស គ្មានវត្តមានណាមួយនៅជិតទេ លោកប៉ែន សាឡុត ជាឪពុកតែងតែធ្វើបុណ្យទាន នៅឯវត្តមួយនៅក្នុងក្រុងកំពង់ធំ ដែលស្ថិតនៅទល់មុខអគារធ្វើការរបស់រេស៊ីដង់បារាំង។ គឺវត្តនោះហើយដែលមានមេដឹកនាំចលនាតស៊ូម្នាក់ឈ្មោះ អាចារ្យពោធិ៍កំបោរ បានដឹកនាំប្រជារាស្រ្តបះបោរប្រឆាំងនឹងពួកអាណានិគមបារាំង ចាប់ពីឆ្នាំ ១៨៦៥ មក គឺតាំងពីអំឡុង ៦០ ឆ្នាំមុនសាឡុត ស ចាប់កំណើតទៅទៀត ហើយក្រោយមក អាចារ្យពោធិ៍កំបោរ បានធ្លាក់ក្នុងអន្ទាក់បារាំង ត្រូវគេបានយកទៅប្រហារជីវិតនៅក្នុងឆ្នាំ ១៨៦៧។

សាឡុត សួង ជាបងប្រុសរបស់ សាឡុត ស បានឲ្យដឹងថាក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ព្រះមហាក្សត្រមុនីវង្ស ដោយមានការហែហមដោយព្រះបរិវារមួយចំនួនផង ពេលយាងទៅបំពេញទស្សនកិច្ចនៅក្រុងកំពង់ធំ រួចហើយព្រះអង្គបានឈៀងយាងទៅលេងផ្ទះរបស់ក្រុមគ្រួសារសាឡុត ស នៅឯភូមិព្រែកស្បូវនោះ ព្រោះបងស្រីជីដូនមួយគាត់ម្នាក់ ត្រូវបានព្រះមហាក្សត្រមុនីវង្ស សព្វព្រះទ័យយកធ្វើជាមហេសី ក្នុងចំណោមហេសីសំខាន់ៗជាច្រើនរូបទៀត គឺអ្នកម្នាងឃុន មាឃ។

នៅក្នុងឆ្នាំ ១៩២២ សាឡុត សួង ដែលកាលនោះគឺមានអាយុ ១២ ឆ្នាំ ត្រូវបានឪពុកបញ្ជូនអោយទៅសិក្សានៅទីក្រុងភ្នំពេញ ដោយស្នាក់នៅក្នុងវត្តបទុមវត្តី នៅក្បែរព្រះបរមរាជវាំង។ ៦ឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩២៨ ដោយសារឥទ្ធិពលរបស់អ្នកម្នាងឃុន មាឃ ជាមហេសីព្រះមហាក្សត្រមុនីវង្ស និងជាបងជីដូនមួយ សាឡុត សួង ក៏មានឱកាសចូលបម្រើការងារជាមន្ត្រីពិធីការនៅក្រុងព្រះបរមរាជវាំងតាំងពីពេលនោះមក។

ប៉ុន្មានឆ្នាំក្រោយមក សាឡុត សួង ក៏បានរៀបការជាមួយនឹងសិល្បការនីរបាំព្រះរាជ្យទ្រព្យម្នាក់ ឈ្មោះជាសាមី។ បន្ទាប់មកទៀត ប្អូនស្រីម្នាក់សាឡុត សួង ឈ្មោះសាឡុត រឿង អាយុ ១៤ឆ្នាំ បានមករស់នៅជាមួយសាឡុត សួងនៅក្រុងភ្នំពេញដែរ មិនយូរប៉ុន្មាន សាឡុត រឿង ក៏បានក្លាយជាស្នំឯកម្នាក់ទៀត ក្នុងចំណោមស្នំ ៥០-៦០ នាក់របស់ព្រះមហាក្សត្រមុនីវង្ស នឹងគេដែរ។

ចំណែកសាឡុត ស ជាប្អូនពៅវិញ ពេលអាយុបាន៦ ឆ្នាំ ត្រូវបានឪពុកបញ្ជូនឲ្យស្នាក់នៅរៀនសូត្រ ជាមួយព្រះសង្ឃនៅវត្តបុទុមវត្តី ដែលនៅខាងត្បូងព្រះបរមរាជវាំង ក្បែរកន្លែងធ្វើការរបស់សាឡុត សួង និងកន្លែងស្នាក់នៅរបស់ សាឡុត រឿង ជាបងៗនៅក្នុងព្រះបរមរាជវាំងដែរ។ អស់រយៈពេល២ឆ្នាំក្រោយ អ្នកម្នាងឃុន មាឃ ជាបងស្រីជីដូនមួយ ក៏ជួយឲ្យសាឡុត ស បានចូលរៀននៅមិស្ស ដែលជាសាលាឯកជនរបស់អង្គការសាសនាកាតូលិកមួយ និងស្នាក់នៅផ្ទះរបស់សាឡុត សួង និងប្រពន្ធឈ្មោះជា សាមី ជាបងបង្កើតនិងបងថ្លៃនោះ។ សាឡុត ស រៀននៅសាលាបឋមសិក្សាមិស្សនេះ អស់រយៈពេល ៦ឆ្នាំ។ (នៅមានត ទៅភាគទី៦)