សម្តេចហ៊ុន សែន ៖ រដ្ឋាភិបាលកម្ពុជា មិនដែលយកលុយជំនួយបរទេស មកបើកប្រាក់ខែឱ្យមន្រ្តីរាជការទេ
ព័ត៌មាន
2533

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ចាប់តាំងពីសម្តេចធ្វើជាឧបនាយករដ្ឋមន្រ្តី រហូតដល់នាយករដ្ឋមន្រ្តី រយៈពេល៣៩ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា មិនដែលប្រើប្រាស់ជំនួយ និងហិរញ្ញប្បទានបរទេស ដើម្បីយកមកបើកប្រាក់ខែឱ្យមន្រ្តីរាជការរបស់ខ្លួននោះឡើយ។

ក្នងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ ថា៖ «អ្នកខ្លះគេថា រដ្ឋាភិបាលទៅខ្ចីលុយបរទេស យកមកបើប្រាក់ខែ ។ ខ្ញុំសូមបញ្ជាក់ ធ្វើនាយករដ្ឋមន្រ្តី៣៣ឆ្នាំ បូកជាមួយនឹងធ្វើឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស ៣៩ឆ្នាំជាងហើយ មិនមានពេលណាមួយដែលកម្ពុជា ទៅខ្ចីលុយបរទេស ឬទៅសុំលុយបរទេស មកបើកប្រាក់ខែទេ ហើយគ្មាននរណាគេឱ្យយើងខ្ចីលុយ ដើម្បីយកមកបើកប្រាក់ខែទេ»។

សម្តេចហ៊ុន សែន បានបន្ថែមថា៖ «គេថារដ្ឋាភិបាល ហ៊ុន សែន ពុករលួយស៊ីជំនួយរបស់បរទេស សូមបញ្ជាក់ជូនជនរួមជាតិឱ្យបានជ្រាបថា ជំនួយរបស់ជប៉ុន មានតែក្រុមហ៊ុនជប៉ុនទេ ដែលចូលរួមដេញថ្លៃ។ ការដេញថ្លៃ គឺដេញនៅក្រុងតូក្យូឯណោះ យើងគ្រាន់តែទៅមើលជា អ្នកសង្កេតកាណ៍ប៉ុណ្ណោះ។ ភារកិច្ចរបស់ខ្ញុំ បានត្រឹមតែមកកាត់ខ្សែបូរបើកការដ្ឋានតែប៉ុណ្ណោះ ភារកិច្ចមួយទៀត គឺចេញប្រាក់ដើម្បីដោះស្រាយផលប៉ះពាល់តែប៉ុណ្ណោះ និងការដោះមីនគ្រាប់មិនទាន់ផ្ទុះ អាហ្នឹងកម្ពុជាអ្នកទទួលបន្ទុក»។

តាំងពីយុទ្ធការឃោសនារកសំឡេងឆ្នោតឆ្នាំ២០១៣មកម្ល៉េះ មានការរិះគន់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ជំនួយ និងប្រាក់ឧបត្ថម្ភរបស់បរទេស ដើម្បីបើកប្រាក់បៀវត្សរ៍ឱ្យមន្រ្តីរាជការ ហើយថានៅពេលបរទេសផ្ដាច់ជំនួយ ចាំមើល តើរដ្ឋាភិបាលលោកហ៊ុន សែន បានលុយពីណាដើម្បីបើកប្រាក់បៀវត្សរ៍ឱ្យមន្រ្តីរាជការ?៕