គ.ជ.ប ស្នើUN ដាក់អ្នកសង្កេតការណ៍ ឬបង្កើតស្នាក់ការ តែលោកស្រី រ៉ូណា ស្មីត មិនឆ្លើយតប
ព័ត៌មាន
2324

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យតំណាងអង្គការសហប្រជាជាតិ ដាក់អ្នកសង្កេតការណ៍ ឬបង្កើតស្នាក់ការផ្ទាល់ខ្លួននៅក្នុងទីស្ដីការគ.ជ.ប ដើម្បីសង្កេតដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ តែលោកស្រី រ៉ូណា ស្មីត មិនមានប្រតិកម្មឆ្លើយតបភ្លាមៗនៅឡើយទេ។

ក្នុងជំនួបពិភាក្សាជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្ដីការ គ.ជ.ប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្នើតាមរយៈ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ឲ្យអង្គការសហប្រជាជាតិ ដាក់អ្នកសង្កេតការណ៍របស់ខ្លួន ឬបង្កើតស្នាក់ការផ្ទាល់ខ្លួននៅទីស្ដីការ គ.ជ.ប ក៏បាន ដើម្បីសង្កេតមើលដំណើរការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា នាពេលខាងមុខ ឲ្យបានជាក់ច្បាស់ជាមួយគ្នា។

លោកស្រី រ៉ូណា ស្មីត បានជំរុញឲ្យ គ.ជ.ប ធានាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើៗគ្នា ក្នុងការជ្រើសរើសតំណាង នីតិកាលទី៦ នាពេលខាងមុខ ប្រកបដោយក្តីពេញចិត្ត និងបានជំរុញឲ្យ គ.ជ.ប អនុវត្តនូវបទប្បញ្ញត្តិនានាដែលមានចែងស្រាប់ ដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយស្មើៗភាពគ្នា។

លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប បានប្ដេជ្ញាចិត្តរួចជាស្រេចក្នុងការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ដែលគណបក្សនយោបាយទាំងអស់ទទួលយកបានដោយការពេញចិត្ត ហើយគណបក្សនយោបាយទាំងនោះ ត្រូវបានធានាថាស្មើភាពគ្នាក្នុងការធ្វើសកម្មភាពផ្សេងៗ ។

ចំពោះការស្នើសុំ របស់លោក ហង្ស ពុទ្ធា ទៅអង្គការសហប្រជាជាតិ អោយដាក់អ្នកសង្កេតការណ៍ ឬបង្កើតស្នាក់ការផ្ទាល់ខ្លួននៅក្នុងទីស្ដីការរបស់ខ្លួននេះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មិនទាន់មានប្រតិកម្មអ្វី នៅឡើយទេ។

យ៉ងណា សង្គមស៊ីវិលនិងសហគមន៍អន្តរជាតិមួយចំនួន នៅតែចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅខែកក្កដា ខាងមុខនេះ បើគ្មានគណបក្សសង្រ្គោះជាតិ ចូលរួមទេ ការបោះឆ្នោតនោះក៍គ្មានតម្លៃដែរ៕