ពាណិជ្ជកម្ម

Harry Kane ​​​របួស​​យប់​មិញ​កំពុង​​មាន​ក្ដី​កង្វល់​ចំពោះ Spurs និងជម្រើសជាតិអង់គ្លេស សំរាប់World Cup 2018 នៅប្រទេសរុស្ស៊ី

ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ ក្រុម Tottenham Hotspur បានរងរបួសកជើង អំឡុងការប្រកួតដែលក្រុមមាន់ខ្នាយមាស ឈ្នះ Bournemouth ៤-១ នៅ Premier League កាលពីយប់មិញ រហូតដល់ថ្នាក់ដើរឈើច្រត់ ខណៈដែលពេលនេះ មានការភ័យខ្លាចថា រូបគេអាចនឹងត្រូវអវត្តមានយូរ និងអាចប៉ះពាល់ដល់ក្រុមជម្រើសជាតិអង់គ្លេស នៅ World Cup 2018 ផងដែរ។

Kane បានរងរបួសកជើង ពេលប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Asmir Begovic របស់ក្រុម Bournemouth។ ក្រោយមករូបគេបានព្យាយាមបន្តការលេងទៀត ប៉ុន្តែបន្ទាប់ពីការពិភាក្សាគ្នាជាមួយក្រុមគ្រូពេទ្យរបស់ក្លឹប ក៏សម្រេចថាមិនអាចបន្តលេងទៀតបាននោះទេ ដោយបានដូរចេញនៅនាទី៣៤។ កីឡាករវ័យ២៤ឆ្នាំ នឹងត្រូវពិនិត្យជាមួយវេជ្ជបណ្ឌិតនៅថ្ងៃចន្ទនេះ ដើម្បីដឹងពីលទ្ធផលនៃអាការៈច្បាស់លាស់។

Mauricio Pochettino អ្នកចាត់ការក្រុម Spurs បាននិយាយក្រោយចប់ការប្រកួតយប់មិញថា៖ “ប្រាកដណាស់! ខ្ញុំបារម្ភពីគាត់ ហើយកជើងរបស់គាត់។ យើងសង្ឃឹមថា វាមិនធ្ងន់ធ្ងរសម្រាប់គាត់ និងសម្រាប់ក្រុម និងអាចត្រឡប់មកលេងបានវិញ ក្នុងពេលឆាប់ៗ។ យើងនឹងត្រូវរង់ចាំលទ្ធផលពិនិត្យនៅថ្ងៃស្អែក”។

ក្រុមជម្រើសជាតិអង់គ្លេស ក្រោមការដឹកនាំរបស់គ្រូបង្វឹក Gareth Southgate នឹងត្រូវប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិហូឡង់ និងអ៊ីតាលី មុនពេលប៉ះក្រុមជម្រើសជាតិទុយនេស៊ី នៅថ្ងៃទី១៨ ខែមិថុនា ក្នុងការប្រកួតបើកឆាកវគ្គចែកពូល World Cup 2018 នៅប្រទេសរុស្ស៊ី៕

 




អត្ថបទទាក់ទង៖