របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤
ប្រវត្តិសាស្ត្រ
2096

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)

សម័យនោះក្រៅពីវិទ្យាល័យសាស្សឺលូ ឡូបា បារាំងបានបង្កើតវិទ្យាល័យអាល់ប៊ែរត៍ សារ៉ូត មួយទៀត នៅក្នុងទីក្រុងហាណូយ វៀតណាមភាគខាងជើងសំរាប់សិស្សខ្មែរ វៀតណាម ឡាវ និងសម្រាប់កូនបារាំង ផងដែរ។

នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩២៥ ប្រជារាស្ត្រនៅភូមិក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបះបោរប្រឆាំងនឹងការកៀបសង្កត់ទារពន្ធពីពួកបារាំង រហូតផ្ទុះកំហឹងកាប់សម្លាប់លោកហ្វេអិក្ស បាដេស រេស៊ីដង់ ខេត្តកំពង់ឆ្នាំង និងជនជាតិខ្មែរជាអ្នកបកប្រែភាសាម្នាក់ឈ្មោះ សួន និងកងរក្សាស្រុកម្នាក់ឈ្មោះ ឡាច។ ក្រោយពីកើតហេតុការណ៍នោះ៥ ថ្ងៃ លោកបេរីយ័រ បូឌ័ង រ៉េស៊ីដង់ជាន់ខ្ពស់បារាំង ប្រចាំប្រទេសកម្ពុជា បានកោះប្រជុំមន្ត្រីជាន់ខ្ពស់ សម្រេចឲ្យព្រះមហាក្សត្រព្រះបាទស៊ីសុវត្ថិ ចេញព្រះរាជក្រឹត្យមួយប្ដូរឈ្មោះភូមិក្រាំងឡាវ ទៅជាភូមិតិរច្ឆាន វិញ។

មុនពេលយុវក្សត្រនរោត្តម សីហនុ ទៅបន្តការសិក្សានៅវិទ្យាល័យសាស្សឺលូ ឡូបា នោះ យុវជន លន់នល់ ដែលជាអនាគតប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរ ពីឆ្នាំ ១៩៧០-១៩៧៥ បានបញ្ចប់ការសិក្សានៅវិទ្យាល័យសាស្សឺលូ ឡូបានោះ នៅក្នុងឆ្នាំ១៩៣៤ និងបានត្រឡប់មកមាតុប្រទេសវិញ បានប្រហែល៤ឆ្នាំទៅហើយ។ ២ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩៣៦ យុវជន លន់ នល់ ដែលមានវ័យត្រឹមតែ ២៣ ឆ្នាំ បានចូលបម្រើការងារជាចៅក្រម និងសាលាដំបូងខេត្តសៀមរាប។

បំពេញមុខងារជាចៅក្រមនោះ បានរយៈពេលមួយឆ្នាំប៉ុណ្ណោះ យុវជន លន់ នល់ ក៏បានផ្លាស់មកបម្រើការងារជាមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម វិញ។
លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ១៩១៣ នៅខេត្តព្រៃវែង មានអាយុច្រើនជាងយុវក្សត្រនរោត្តមសីហនុ ៩ ឆ្នាំ។ ឪពុកឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន។ ក្រោយពីស្នាដៃបង្ក្រាបក្រុមចោរប្លន់ដ៏ធំមួយ នៅខេត្តព្រៃវែង លោក លន់ ហ៊ិន ជាឪពុកយុវជន លន់ នល់ ត្រូវបានអាជ្ញាធរបារាំង តែងតាំងអោយធ្វើជាចៅហ្វាយស្រុក ពីស្រុកមួយ ទៅស្រុកមួយទៀតជាបន្តបន្ទាប់ រហូតដល់ឡើងថានៈជាចៅហ្វាយ ខេត្តសៀមរាប និងកំពង់ធំ។ កាលពីនៅវ័យកុមារ លន់ នល់ បានចូលសិក្សានៅសាលាបឋមសិក្សា ឌូដា ឌឺឡាហ្គ្រេ ក្រុងភ្នំពេញ និងបានទៅបន្តសិក្សានៅវិទ្យាល័យសាស្សឺលូ ឡូបា នៅទីក្រុងព្រៃនគរ ពីឆ្នាំ១៩២៨ ដល់ឆ្នាំ ១៩៣៤។

នៅក្នុងទសវត្សរ៍ឆ្នាំ ១៩២០នោះដែរ ក៏មានអនាគតមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ម្នាក់ទៀតដែរ គឺសាឡុត ស ។ សាឡុត ស កើតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩២៥ នៅភូមិព្រែកស្បូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងគ្រួសារកសិករមួយមានដីស្រែជាង ១០ហិកតារ មានផ្ទះក្បឿងធំទូលាយ នៅឯត្រើយម្ខាងស្ទឹងសែន ចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីក្រុងកំពង់ធំ។ ឪពុកឈ្មោះ ប៉ែន សាឡុត ម្តាយឈ្មោះ សុក ណែម មានបងប្អូន៧នាក់។ សាឡុត ស ជាកូនពៅគេ។ ប៉ុន្តែ ឯកសារខ្លះបានបញ្ជាក់ថា សាឡុត ស កើតនៅឆ្នាំ១៩២៨ ហើយថា ការដាក់ឆ្នាំកំណើតឆ្នាំ ១៩២៥នេះ គឺដើម្បីតាំងខ្លួនជារៀមច្បងក្នុងចំណោមអ្នកតស៊ូខ្មែរក្រហមផ្សេងៗទៀត ដែលមានវ័យស្របាលៗខ្លួនតែប៉ុណ្ណោះ។ (នៅមានត ភាគទី៥ទៀត)