របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៣
ប្រវត្តិសាស្ត្រ
2892

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)

ពេលព្រះអង្គរៀនដល់ថ្នាក់ទី២ ព្រះអង្គបានជួបសាស្ត្រាចារ្យស្ត្រីដ៏ស្រស់ប្រិមប្រិយម្នាក់គឺអ្នកស្រី ហ្គោឌ្រី សម្បុរទង់ដែងថ្ពាល់ខួចពណ៌ក្រហមព្រឿងៗ។ ពេលអ្នកស្រីញញឹមម្ដងៗបង្កប់ដោយមន្តស្នេហ៍ ហើយអ្នកស្រីតែងញញឹមដាក់សិស្សទាំងអស់ជាញឹកញាប់។ សូមបើកវង់ក្រចកបន្តិចថាក្រោយពីសម្ដេចសីហនុ បានក្លាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន១ឆ្នាំ ព្រះអង្គបានជួបអ្នកស្រីសាស្រ្តាចារ្យ ហ្គោឌ្រី នេះជាថ្មីម្ដងទៀតនៅទីក្រុងហាណូយ គឺចំពេលដែលអ្នកស្រីត្រូវលែងលះស្វាមី ឯព្រះអង្គក៏នៅលីវដែរ។ ព្រះអង្គស្ទើរតែទប់ព្រះទ័យមិនបាន ក្នុងការសុំអ្នកស្រីរៀបការជាមួយ តែដោយសារព្រះអង្គមានការអឹមអៀននៅនឹងមុខស្រីស្អាតៗនៅឡើយ ពិសេសស្ត្រីបរទេស ព្រះអង្គក៏បណ្ដោយឲ្យរឿងនោះកន្លងផុតទៅ ដោយព្រះអង្គមានបន្ទូលបង្វែរព្រះទ័យលួងលោមមនោសញ្ចេតនាអង្គឯងថាពួកប្រុសៗ បារាំងប្រហែលជាមិនចង់ឃើញព្រះអង្គរៀបការជាមួយនឹងជនជាតិគេទេមើលទៅ។ ឯជនជាតិខ្មែរយើងប្រហែលជានាំគ្នាអាក់អន់ចិត្តជាមិនខាន ពេលបានដឹងថា ព្រះមហាក្សត្រខ្លួនមានមហេសី ជាស្រីបារាំង ថែមទាំងមេម៉ាយលែងប្តីដូច្នះទៀតផង។

មួយឆ្នាំក្រោយមក ព្រះអង្គបានឡើងថ្នាក់ទី១ក លោកសាស្រ្តាចារ្យមុខវិជ្ជាភាសាបារាំង ឡាតាំង និងក្រិករបស់ព្រះអង្គ ឈ្មោះហ្វ្រង់ស័រ មានគរុកោសល្យខ្ពស់ចេះប្រើវិធីសាស្ត្រអោយសិស្សឆាប់ចេះឆាប់យល់។ សាស្ត្រាចារ្យរូបនេះបានសម្ដែងការកោតសរសើរចំពោះមុខវិជ្ជាភាសាបារាំងឡាតាំងនិងក្រិករបស់ព្រះអង្គយ៉ាងខ្លាំងហើយព្រះអង្គភ្នកស្រមៃព្រះទ័យថា ទៅថ្ងៃក្រោយ ព្រះអង្គនឹងចាប់យកអាជីពជាសាស្ត្រាចារ្យមុខវិជ្ជានេះនៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញមិនខាន។ តែទោះបីយ៉ាងណា ក៏ព្រះអង្គនៅតែដក់ព្រះទ័យលើវិស័យភាពយន្តនិងដូរ្យតន្ត្រី ដដែល។

នៅពេលនោះដែរ ព្រះអង្គក៍បានចាប់ផ្ដើមព្រះទ័យស្នេហាលើមិត្តរួមថ្នាក់ជាជនជាតិបារាំងដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ហេឡែន ហ្កាប៊ីយេ លួចស្រលាញ់នាងតែអង្គឯងស្ងាត់ៗ មិនអោយនាងដឹងខ្លួនឡើយ។ ដោយសារតុអង្គុយសសេររបស់ព្រះអង្គនៅជាប់ពីក្រោយខ្នងនាងដែរនោះ ព្រះអង្គតែងតែលួចស្រូបក្លិនកេសារដ៏ក្រអូបរបស់នាងជាញឹកញាប់ ។ឯនាងហេឡែនហ្កាប៊ីយេ ក៏ឧស្សាហ៍ងាកមករកព្រះអង្គជាញឹកញាប់ដែរ ដើម្បីសុំឲ្យព្រះអង្គជួយបកប្រែភាសា ឡាតាំង និងក្រិក ប្រាប់នាង។ បុណ្ណឹងក៏ព្រះអង្គចាត់ទុកថាជាសុភមង្គលគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ស្នេហាគ្រាដំបូងនោះ។ នៅក្នុងវិទ្យាល័យសាស្សឺលូ ឡូបា គ្មានការប្រកាន់ពូជន៍សាសន៍បារាំង ខ្មែរ វៀតណាម ឡាវ នោះទេ។ សិស្សទាំងអស់ស្នាក់នៅជាមួយគ្នាក្នុងភាតរភាព និងយោគយល់គ្នាទៅវិញទៅមក។ ចំណែករឿងនយោបាយរបស់ប្រទេសជាតិនីមួយៗគឺស្ថិតនៅក្រៅរបងវិទ្យាល័យ​ គ្មានពាក់ព័ន្ធដល់សិស្សទាំងអស់ដែលនៅទីនោះទេ។ ប៉ុន្តែក្រោយមកមានជនជាតិវៀតណាមមួយចំនួនដែលជាអតីតសិស្សនៃវិទ្យាល័យបារាំងមួយនេះ បានក្លាយជាមេដឹកនាំចលនាតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងផងដែរ។ (នៅមានតគាគទី៤ទៀត)