ពាណិជ្ជកម្ម

អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី រិះគន់រដ្ឋាភិបាលខ្លួនថា មិន មានឆន្ទៈថ្កោលទោស របបហ៊ុន សែន

លោកសាស្ត្រាចារ្យហ្ការ៉េត អេវ៉ាន (Gareth Evans) អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កាលពីឆ្នាំ១៩៩១ បានរិះគន់រដ្ឋាភិបាលខ្លួនថា មិនហ៊ានថ្កោលទោស របបហ៊ុន សែន និងជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី ត្រូវតែទាមទារឲ្យរបបលោក ហ៊ុន សែន ងាកមកគោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឡើងវិញ ដើម្បីធានាថា ប្រទេសកម្ពុជា ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

ថ្លែងក្នុងសន្និសីទសាធារណៈមួយស្តីពីបញ្ហាកម្ពុជា ដែលរៀបចំឡើងដោយសាកលវិទ្យាល័យជាតិអូស្ត្រាលី កាលពីថ្ងៃទី០៩ មីនា ម្សិលម៉ិញនេះ លោក ហ្ការ៉េត អេវ៉ាន បានសង្កត់ធ្ងន់ៗថា ម្តងហើយម្តងទៀត សហគមន៍អន្តរជាតិបានបិទភ្នែក បណ្តែតបណ្តោយឲ្យរបបលោក ហ៊ុន សែន រួចខ្លួន តាមរយៈការបំពារបំពានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ដូច្នេះ លោកថា ល្មមដល់ពេល ដែលសហគមន៍អន្តរជាតិ ត្រូវតែរួមគ្នា រិះរកវិធីឆ្លើយតបយ៉ាងសមស្របទៅនឹងការកើនឡើងនៃអំពើផ្តាច់ការនៅក្នុងប្រទេសកម្ពុជា ដើម្បីតម្រូវឲ្យលោក ហ៊ុន សែន ងាកមកគោរពគោលការណ៍ប្រជាធិបតេយ្យឡើងវិញ។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ ហ្ការ៉េត អេវ៉ាន ក៏បានថ្លែងរិះគន់រដ្ឋាភិបាលអូស្ត្រាលី ថា មិនមានឆន្ទៈពិតប្រាកដក្នុងការនិយាយថ្កោលទោសទៅកាន់របបលោក ហ៊ុន សែន អំពីបញ្ហាធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យបច្ចុប្បន្ននេះ ដោយសារតែរដ្ឋាភិបាលនេះ បានចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនជាមួយប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ បានបន្ថែមថា នាយករដ្ឋមន្ត្រីអូស្រ្តាលី លោកធឺនប៊ល ត្រូវតែអង្គុយនិយាយដោយត្រង់អំពីបញ្ហាកម្ពុជា ក្នុងជំនួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីខាងមុខនេះ។ លោកសង្កត់ធ្ងន់ៗថា ដល់ពេលវេលាដែលសហគមន៍អន្តរជាតិ ត្រូវបើកការស៊ើបអង្កេត និងដាក់ទណ្ឌកម្មណាមួយ ទៅលើមេដឹកនាំរបបក្រុងភ្នំពេញបច្ចុប្បន្ននេះ ហើយ។
លោក ហុង លីម ជាតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី និងជាវាគ្មិនមួយរូបនៃអង្គសន្និសីទនោះដែរ ក៍បានថ្លែងសារថ្កោលទោសរដ្ឋាភិបាលអូស្ត្រាលី ធ្ងន់ៗចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបាននិងកំពុងបន្តការពារកិច្ចសហប្រតិបត្តិការជាមួយរបបលោក ហ៊ុន សែន បច្ចុប្បន្ននេះ។ លោករិះគន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបញ្ចប់ការស្ងៀមស្ងាត់បែបនេះចំពោះសភាពការណ៍នៅកម្ពុជា និងថាពិភពលោកមិនអាចចូលដៃចូលជើងជាមួយនឹងអំពើឃោរឃៅដែលបានប្រព្រឹត្តឡើងដោយរបបលោក ហ៊ុន សែន នាពេលបច្ចុប្បន្ននេះឡើយ។

ការរិះគន់របស់លោកសាស្ត្រាចារ្យ ហ្ការ៉េត អេវ៉ាន បែបនេះបានធ្វើឡើងប៉ុន្មានថ្ងៃ មុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលត្រូវធ្វើឡើងនៅ ថ្ងៃទី១៧-១៨ មីនាខាងមុខនេះ ។
កន្លងមក សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងជាសាធារណ :ថា មានគេលើកឡើងថាអូស្ត្រាលីហៅសម្ដេចទៅ ប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នោះដើម្បីគាប ខណ:ដែលអូស្រ្តាលីកំពុងខា្លចសម្ដេចមិនទៅចូលរួមកិច្ចប្រជុំនៅអូស្ត្រាលី និងខ្លាចសម្ដេចជំទាស់សេចក្តីថ្លែងការណ៍ ដែលធ្វើឲ្យសេចក្តីថ្លែងការណ៍នោះចេញមិនរួចទៅវិញទេ។
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ហាញការជឿជាក់ថាប្រទេសអូស្ត្រាលី និងមិនធ្វើបែបនោះដាក់សម្ដេចទេ ហើយថាមនុស្សដូចសម្ដេចនេះ មិនមានអ្នកណាហ៊ានស្តីបន្ទោសទល់មុខនោះឡើយ បើហ៊ានដូច្នេះមែននោះ សម្ដេចនឹងចង្អុលមុខគេវិញភ្លាម។

សម្តេចក៏បានផ្តាំដល់អ្នកត្រៀមធ្វើបាតុកម្ម ប្រឆាំងសម្ដេចនៅអូស្ត្រាលីនាពេលខាងមុខដែរថា ការធ្វើបាតុកម្មនោះ គឺជាសេរីភាពរបស់ពួកគេមែន ប៉ុន្តែ ក៏មានប្រជាជននៅក្រៅប្រទេសចាំគាំទ្រសម្ដេចច្រើនដែរ។
លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់អាស៊ាននិងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានមួយក្នុងប្រទេសសិង្ហបុរី លើកឡើងថា កម្ពុជាអាចវេតូសេចក្តីសម្រេចណាមួយ ដែលអាចបណ្តាលឲ្យមានការជាប់គាំងកិច្ចប្រជុំនោះ ប៉ុន្តែលោកថា រដ្ឋាភិបាលអូស្រ្តាលីតែងធ្វើការងារដោយភាពប្រុងប្រយ័ត្ន ដូច្នេះករណីនេះនឹងមិនអាចកើតមាននោះទេ៕

 




អត្ថបទទាក់ទង៖