របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី២
ប្រវត្តិសាស្ត្រ
3.1K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)

ពេលទៅដល់វិទ្យាល័យសាស្សឺលូ ឡូបា នាទីក្រុងព្រៃនគរដំបូង ធ្វើឲ្យព្រះអង្គមានការស្រងាកព្រះទ័យខ្លះៗដែរ ដោយសារអគារសិក្សាមានសភាពចាស់ និងមានព័ទ្ធរបងតាមបែបអាណានិគមនៅទីនោះ ធ្វើឲ្យព្រះអង្គប្រៀបប្រដូចនៅនឹងរបងពន្ធធរនាគារ ដែលខុសប្លែកពីអគាររដ្ឋបាល របស់មន្ត្រីបារាំងដ៏ធំស្កឹមស្កៃដែលនៅក្បែរៗនោះ ពិសេសគឺខុសគ្នាស្រឡះពីវិទ្យាល័យស៊ីសុវតិ្ថ ដែលមានអគារថ្មីៗ មានទីធ្លាធំទូលាយ សម្រាប់លេងកីឡាបាល់ទាត់ បាល់ទះ និងអត្តពលកម្ម។

វិទ្យាល័យសាស្សឺលូ ឡូបា មានទីធ្លាតូចចង្អៀត មានផ្ទៃដីរដិបរដុប ពេលស្លៀកខោខ្លីលេងកីឡាបាល់ទាត់អាចដួលរលាត់ស្បែកក្បាលជង្គង់។ ឯកន្លែងទទួលទានបាយ មានសភាពស្អាត តែមានសភាពងឹងតបន្តិច។ ការគង់នៅក្នុងអគារចាស់នោះហើយ ដែលធ្វើឱព្រះអង្គបានស្គាល់ច្បាស់នូវរសជាតិនៃជីវិតរស់នៅជាសិស្សវិទ្យាល័យសហគមន៍ឥណ្ឌូចិននោះ។
យុវក្សត្រនរោត្តម សីហនុ បានធ្វើការកត់សម្គាល់ថា អស់លោកសាស្រ្តាចារ្យ ទាំងប្រុស ទាំងស្រី ដែលបង្រៀននីទីនោះ សុទ្ធសឹងជាអ្នកមានសមត្ថភាព និងមានគរុកោសល្យស្ទាត់ជំនាញ ហើយបំពេញតួនាទីក្នុងអាកប្បកិរិយា និងសីលធម៌ ប្រៀបដូចជាអ្នកសាងផ្នួស មិនដែលប្រព្រឹត្តអ្វីឲ្យខុសឆ្គងចំពោះសិស្សគ្រប់សញ្ជាតិរបស់ពួកគាត់ឡើយ។ ជាទូទៅសិស្សកម្ពុជា វៀតណាម និងលាវ មានចរិតឫកពារសុភាពរាបសារគ្រាន់បើ ដោយតែងតែនាំគ្នាគោរពកោតខ្លាចចំពោះសាស្ត្រាចារ្យ របស់ខ្លួនជានិច្ច។ ផ្ទុយទៅវិញ សិស្សជាជនជាតិបារាំងខ្លះ មានអាកប្បកិរិយា រប៉ិលរប៉ូច និយាយឆ្ការដៃ ឆ្ការជើង និងលេងសើចច្រើន។ (មានតទៅភាគទី៣)