ពាណិជ្ជកម្ម

កម្ពុជា នឹងចាប់ផ្ដើមបូមប្រេងកាតលើកដំបូង នៅចុងឆ្នាំ២០១៩

(ភ្នំពេញ)៖ មន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា គម្រោងបូមប្រេងកាតអណ្តូងអប្សរា នៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា នឹងត្រូវធ្វើឡើងតាមការគ្រោងទុកនៅចុងឆ្នាំ២០១៩ ខាងមុខនេះ។
លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ថា ក្រសួងបាន និងកំពុងធ្វើការយ៉ាងជិតស្និទ ជាមួយក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ឲ្យបូមប្រេងនៅអណ្តូងអប្សរា ក្នុងប្លុក A ដោយក្រុមហ៊ុននេះ បានដំណើរការងារតាមជំហានៗរបស់ខ្លួន ដើម្បីឈានដល់ការបូមប្រេង បានតាមការគ្រោងទុក នៅចុងឆ្នាំ២០១៩ ឬ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បន្ថែមថា រោងចក្រចម្រាញ់ប្រេងកាតដំបូងគេរបស់កម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនចិន ក៏នឹងដំណើរការជំហានដំបូងរបស់ខ្លួនផងដែរ ហើយអាចនឹងចម្រាញ់ប្រេងបាន២លានតោនក្នុងមួយឆ្នាំ ។ គួររម្លឹកថា រោងចក្រចម្រាញ់ប្រេងកាតដំបូងគេរបស់កម្ពុជា ត្រូវបានបើការដ្ឋានសាងសង់កាលពីខែឧសភា ឆ្នាំ២០១៧ ដែលវិនិយោគដោយក្រុមហ៊ុន Cambodian Petrochemical Co.,Ltd និងក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd របស់ចិន មានទំហំទឹកប្រាក់ជាង៦០០លានដុល្លារ។

បន្ទាប់មកទៀត នៅក្នុងខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាតនៅប្លុក A ដែនសមុទ្រកម្ពុជា ដោយកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១ គឺជំហាន1A និង 1B នៃដំណាក់កាលទី១ នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ៕

 




អត្ថបទទាក់ទង៖