លោក សម រង្ស៊ី បដិសេធថា លោកមិនបានចុះហត្ថលេខាកាត់ខេត្តចំនួន៤ទៅឲ្យយួនទេ
ព័ត៌មាន
3840

រាជធានីភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ កំពុងស្ថិតនៅក្រៅប្រទេស បានបដិសេធថា លោកមិនបានចុះហត្ថលេខាកាត់ដីឲ្យវៀតណាម ដូចការចោទប្រកាន់នោះឡើយ។
នៅក្នុងអ៊ីមែលដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី៧មីនា ម្សិលមិញនេះ លោក សម រង្ស៊ី បានចេញមុខអះអាងថា លោកមិនបានចុះហត្ថលេខា កាត់ខេត្តចំនួន៤ គឺខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ទៅឲ្យវៀតណាមសេរី នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ឈានទៅដឹកនាំប្រទេស ដូចការចោទប្រកាន់នោះទេ។ ។

លោក សម រង្ស៊ី បញ្ជាក់ថា ឯកសារដែលលោកចុះហត្ថលេខាជាមួយលោក កុកស មេដឹកនាំចលនាម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣នោះ មែនទែនទៅ មានខ្លឹមសារចង់ឲ្យមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ជនជាតិភាគតិចម៉ុងតាញ៉ា ដែលរស់នៅខេត្តភាគឦសានប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង តែប៉ុណ្ណោះ។

លោកសម រង្ស៊ី បន្យល់ថា ពាក្ស«សិទ្ធិស្វ័យភាពនៃជនជាតិដើមភាគតិច» នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៣នោះ វាគឺគ្រាន់ជាការអនុវត្តជាក់ស្ដែងនៃអំណាចវិមជ្ឈការ តែប៉ុណ្ណោះ ហើយថាការផ្ទេរអំណាចនេះ ជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលមិនដែលមាននៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ឡើយ។
លោកសម រង្ស៊ី បញ្ជាក់ជាចុងក្រោយថា ការចោទប្រកាន់ពីបទក្បត់ជាតិនេះ មិនបានធ្វើឲ្យលោក ភ្ញាក់ផ្អើលទេ។ លោកចាត់ទុកការចោទប្រកាន់នេះជារឿងគួរឲ្យអស់សំណើច និងជាលេសដើម្បីបង្ក្រាបលើការប្រឆាំងតាមបែបប្រជាធិបតេយ្យ ពីសំណាក់របបផ្ដាច់ការតែប៉ុនណោះ ៕